ខណៈមានការគាំទ្រភ្លូកទឹកភ្លូកដីចំពោះសារដែលបានបង្ហោះកាលពីថ្ងៃទី ០៤ កន្លងទៅនឹងជៀសវាងការភ័ន្តច្រលំណាមួយឧកញ៉ា ស្រី ចាន់ថន បានចេញមុខបញ្ជាក់ម្តងទៀតថាថវិកាដែលគម្រោងស្នើសុំពីឧកញ៉ា លោកឧកញ៉ា និងអ្នកឧកញ៉ា ទាំងនោះមិនមែនយកទៅធ្វើរបងនៅតាមព្រំដែនទេ គឺយកទៅអភិវឌ្ឍតំបន់តាមព្រំដែន។
ដើម្បីឱ្យកាន់តែច្បាស់នៅថ្ងៃទី ១២ ម្សិលមិញនេះឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារ បញ្ជាក់ម្តងទៀថាថវិកាទាំងនេះមិនមែនយកទៅធ្វើរបងតាមព្រំដែនឡើយគឺយកទៅផ្លូវថ្នល់ ជួយធ្វើលំនៅដ្ឋានជូនប្រជាពលរដ្ឋក្រីក្រ និងអភិវឌ្ឍន៍លើ វិស័យទេសចរណ៍ និងកសិកម្មតាមព្រំដែននានា។ក្នុងនោះឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់នៅក្នុងសារច្បាស់ៗថា«សូមជម្រាបជូនពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាឲ្យបានជ្រាបថា ចំពោះអត្ថបទដែលខ្ញុំបាទបានលើកឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ដែលខ្ញុំបាទបានផុស "ស្នើរសុំឲ្យ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ជួយជាថវិកានោះ" ការពិតក្នុងគោលបំណងនិងគោលដៅគឺដើម្បីយកមកអភិវឌ្ឍតំបន់តាមព្រំដែន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជួយធ្វើលំនៅដ្ឋានជូនប្រជាពលរដ្ឋក្រីក្រ និងអភិវឌ្ឍន៍លើ វិស័យទេសចរណ៍ និងកសិកម្មតាមព្រំដែននានាដោយមិនមានការធ្វើរបងឬការលើកឡើងណាខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សានិងអភិវឌ្ឍតាមខ្សែរបន្ទាប់ព្រំដែន ដូចផេកមួយចំនួនលើកឡើងនោះទេ។អាស្រ័យដែលបានជម្រាបជូនខាងលើសូមពុកម៉ែបងប្អូនមេត្តាជ្រាបជូនព័ត៌មានសូមអរគុណ»។
ការលើកឡើងរបស់ឧកញ៉ា ស្រី ចាន់ថន លើកនេះហាក់ធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការខកចិត្ត ព្រោះមិនមែនជាការធ្វើរបងតាមព្រំដែនដូចអ្វីដែលពួកគេបានរំពឹងទុក ។ ប៉ុន្តែយ៉ាងណាឧកញ៉ា ស្រី ចាន់ថន ក៏មិនទាន់បានបញ្ជាក់ថាតើ មតិស្នើសុំថវិការបស់ឧកញ៉ា ទៅតាមគោរមងារដែលមានចំនួនពីបីម៉ឺនដុល្លារក្នុងមួយឆ្នាំរហូតដល់ ដប់ពីរម៉ឺនដុល្លារក្នុងមួយឆ្នាំបានដំណើរការជោគជ័យឬបែបណានោះទេ៕