header ads

Sponsor

បើតាមការលើកឡើងរបស់តារារ៉េប វណ្ណដា បានឱ្យដឹងថាលោកជាអ្នកសម្រេចជ្រើសយកបទចម្រៀង«Time to rise»ទៅបកស្រាយនៅក្នុងព្រឹត្ដិការណ៍បិទបញ្ចប់កីឡាអូឡាំពិកនៅប្រទេសបារាំង។ អ្វីដែលគួរឱ្យសរសើរទោះវីរសិល្បករចាប៉ឺដងវែងលោកតា គង់ ណៃ បានឃ្លាតទៅឆ្ងាយក្តី តែតារារ៉េប វណ្ណដា បានឧទ្ទិសបទចម្រៀងមួយនេះដល់លោកតាពេលដែលលោកបកស្រាយបទចម្រៀង«Time to rise» នៅលើកឆាកដ៏អស្ចារ្យមួយនេះ ។

គួរឱ្យដឹងដែរថាតារារ៉េប វណ្ណដា បានធ្វើដំណើរត្រឡប់មកដល់ស្រុកកំណើតដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី ១៤នេះបន្ទាប់ពីបញ្ចប់ការច្រៀងនៅក្នុងព្រឹត្ដិការណ៍ បិទបញ្ចប់កីឡាអូឡាំពិកដោយជោគជ័យ។ តារារូបនេះក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាលើកដំបូងថា «ខ្ញុំមានមោទកភាពដែលបានលើកទង់ជាតិខ្មែរច្រៀងជាភាសាខ្មែរទៅកាន់ពិភពលោកក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះហើយនេះខ្ញុំអាចនិយាយបានថាជាឱកាសមានតែម្ដងគត់ក្នុងមួយជីវិតក៏ថាបាន ព្រោះមិនដឹងថាពេលណាមានឱកាសល្អដូចនេះទៀតទេ»។ ម្ចាស់បទ «baby mama»រូបនេះបានឱ្យដឹងថា ការបង្ហាញវត្តមានរបស់លោកនៅក្នុងព្រឹត្ដិការណ៍បិទបញ្ជប់ នៃកីឡាអូឡាំពិកនាទីក្រុងប៉ារីសនេះជាជោគជ័យមួយសម្រាប់លោកហើយក៏សម្រាប់លោកតា គង់ ណៃ និងប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ ។ យ៉ាងណាមិញនៅពេលលោកបកស្រាយបទ«Time to rise»លោកក៏បានឧទ្ទិសស្នាដៃនេះដល់វីរសិល្បករលោកតា គង់ ណៃ ទៀតផង។

មូលហេតុដែល វណ្ណដា ជ្រើសយកបទ «Time to rise» ទៅបកស្រាយនៅលើឆាកដ៏ធំមួយនេះដោយសារលោកចង់បង្ហាញពិភពលោកដើម្បីឲ្យស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យរបស់ប្រទេសកម្ពុជា។អ្វីដែលកត់សម្គាល់ការបង្ហាញវត្តមានរបស់តារារ៉េបកម្ពុជារូបនេះជាលើកដំបូងនៅក្នុងព្រឹត្ដិការណ៍បិទបញ្ចប់កីឡាអូឡាំពិកនេះក៏បានស្ថាប័នសារព័ត៌មានរបស់បារាំងមួយចំនួនបានចេញផ្សាយពី វណ្ណដា ជាច្រើនដោយបានបង្ហាញពីបទចម្រៀងល្បីៗរបស់លោកនៅលើយូធូប ក៏ដូចជាជីវប្រវត្តិរបស់តារារូបនេះ។ ជាមួយសមត្ថភាពដ៏អស្ចារ្យរបស់លោកក៏ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែមានមោទកភាពហើយរំពឹងថាលោកនឹងមានស្នាដៃថ្មីៗដែលកាន់តែធ្វើឱ្យពិភពលោកកាន់តែស្គាល់ពីវប្បធម៌របស់ប្រទេសកម្ពុជាកាន់តែរីកទូលាយថែមទៀត៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post