មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញតារាចម្រៀង ខាន់ ជែមស៍ បានបើកបង្ហាញបទអតីតកាលមួយរបស់លោកដែលធ្លាប់ល្បីល្បាញកាលពីជិត ២០ឆ្នាំមុននៅលើបណ្តាញសង្គម ។ ការបង្ហោះបទអតីតកាលនេះក្រោយពីតារាចម្រៀងរូបនេះអន់ចិត្តនឹងពាក្យគេថាអត់មានល្បីអីម៉ាប៊ៀក។
ទោះធ្លាប់ជាជើងខ្លាំងមួយរូប តែពេលក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហា្គឡាក់ស៊ីគេកសម្គាល់ឃើញថាប្រជាប្រិយភាពរបស់លោក ខាន់ ជែមស៍ មិនអាចប្រជែងជាមួយតារាចម្រៀងរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត ឡើយ ។ ចុងក្រោយនេះទៀតសោតលោកក៏មិនសូវមានបទចម្រៀងផ្ទុះខ្លាំងដូចមុនដែរ ។ អ្វីដែលកត់សម្គាល់កាលពីពេលថ្មីៗនេះលោក ខាន់ ជែមស៍ បានស៊ែរបទចម្រៀង original song មួយបទដែលផ្ទុះល្បីខ្លាំងកាលពី ១៨ឆ្នាំមុនដែលជាបទចម្រៀងនៅក្នុងផលិតកម្មរ៉ុកដែលមានចំណងជើងថា «យុវជនខ្មែរ»ដោយភ្ជាប់ជាមួយសំណេរថា «សម្រាប់បទoriginal ខ្ញុំច្រៀងតាំងពី18ឆ្នាំមុន មុនគេ តែខ្ញុំមិនដែលនិយាយទេ សម្រាប់ប្អូនៗជំនាន់ក្រោយអាចមើលវីឌីអូនេះបាន មុននឹងថាខ្ញុំអត់មានល្បីអីម៉ាប៊ៀក»។
ជាមួយការរំឮកអតីតកាលរបស់ខ្លួនដែលធ្លាប់មានឈ្មោះបោះសំឡេងនោះបានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការចូលរួមលើកឡើងថាលោក ខាន់ ជែមស៍ ពិតជាមានឈ្មោះបោះសំលេងខ្លាំងកាលពីជិត ២០ឆ្នាំមុន ជាពិសេសកាលលោកនៅក្នុងផលិតកម្មរ៉ុកដែលបទចម្រៀងជាច្រើនបទសុទ្ធតែបទពីរោះៗហើយរហូតមកដល់ពេលនេះបទចម្រៀងរបស់លោកខ្លះក៏ត្រូវបានបេក្ខជនមួយចំនួននិយមលើកមកច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងទៀតផង ។ ប៉ុន្តែចុងក្រោយនេះទោះលោកមិនសូវមានបទចម្រៀងល្បីៗផ្ទុះខ្លាំងដូចមុនក្តី តែសន្ទុះនៃការគាំទ្រលោកមិនថមថយប៉ុន្មានទេពោលលោកនៅតែបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនានាមិនថាតាមឆាកទូរទស្សន៍ឬបណ្តារខេត្តឡើយ៕