បើគិតមកត្រឹមឆ្នាំ ២០២៤នេះរយៈពេល៨ឆ្នាំហើយដែលតារាចម្រៀងរូបស្រស់ រ៉េត ស៊ូហ្សាណា បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ។ ទោះមិនអាចប្រជែងជាមួយរៀមច្បងរួមទ្រនំក្តីតែតារាចម្រៀងវ័យក្មេងរូបនេះក៏ទទួលបានការពេញចិត្តនិងគាំទ្រខ្លាំងពីសំណាក់ហ្វេន ហ្វេន ជាច្រើន ។ តួយ៉ាងក្រោយពីក្លាយជាសមាជិកថ្មីនៅក្នុងផលិតកម្មបារមី អ្នកគាំទ្រជាច្រើនសុទ្ធលើកឡើងថា រ៉េត ស៊ូហ្សាណា អាចនឹងមានលេចធ្លោខ្លាំងតាមរយៈទេពកោសល្យនិងសមត្ថភាពរបស់នាង ។
គួរឱ្យដឹងដែរថាមុននឹងផលិតកម្មបារមីប្រកាសពីវត្តមានរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា គេក៏បានឃើញតារាស្រីរូបនេះបានផ្តល់ដំរួយខ្លះៗដល់អ្នកគាំទ្ររបស់ខ្លួនកាលពីមួយសប្តាហ៍មុន។តាមរយៈរូបថតប្រមាណជាបួនសន្លឹកនៅក្នុងបន្ទប់ស្ទីឌីយោ រ៉េត ស៊ូហ្សាណា បានបង្ហោះសំណេរថា «អស់ រយៈពេលជិតមួយឆ្នាំហើយ ដែលអត់បានចេញចម្រៀងថ្មី គិតថាអ្នកទាំងអស់គ្នា នឹងឆ្ងល់ថា បាត់ទៅណា…កើតអី? ម៉េចអញ្ចឹង តែឥឡូវចង់ប្រាប់ថា តិចទៀតគេមានអី surprise ហើយណា មានអ្វីថ្មី និងពិសេសត្រៀមបង្ហាញឆាប់ៗនេះ កុំភ្លេចរង់ចាំតាមដានណា 15.08.24»។ ការលើកឡើងរបស់ រ៉េត ស៊ូហ្សាណា មិនមានអ្នកគាំទ្រណាម្នាក់ចាប់អារម្មណ៍ថានាងនឹងដូរទ្រនំឡើយព្រោះដឹងស្រាប់ហើយថាផលិតកម្មហង្សមាសគឺជាផលិតកម្មខ្នាតយក្សមួយនៅក្នុងប្រទេសដែលមានឈ្មោះល្បីយូរឆ្នាំមកហើយ ។ដូចបានសន្យានៅក្នុងថ្ងៃទី ១៥ ផលិតកម្មបារមីបានបង្ហាញវត្តមានតារាថ្មីរបស់ខ្លួនគឺ រ៉េត ស៊ូហ្សាណា ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដឹងថាតារាស្រីរូបនេះបញ្ចប់កិច្ចសន្យាជាមួយផលិតចាស់តាំងពីពេលណា។
ប៉ុន្តែយ៉ាងណាអ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញការរីករាយចំពោះការដូរទ្រនំថ្មីរបស់នាងដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថាតាមរយៈសមត្ថភាព និងទេពកោសល្យរបស់តារាវ័យក្មេងរូបនេះ រ៉េត ស៊ូហ្សាណា អាចនឹងក្លាយជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មបារមី ។ ហ្វេនខ្លះទៀតក៏ចង់ឃើញ រ៉េត ស៊ូហ្សាណា មានស្នាដៃថ្មីជាមួយតារារ៉េប វណ្ណដា ព្រោះពួកគេជាយុវវ័យដូចគ្នា ។មិនត្រឹមជាតារាចម្រៀងយុវវ័យប៉ុណ្ណោះទេ រ៉េត ស៊ូហ្សាណា ថែមទាំងក្តោបបាននូវស្ប៉តពាណិជ្ជកម្មធំៗដោយទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារារៀមច្បងនោះឡើយ៕