ពេលនេះជីវិតរបស់តារាចម្រៀង យ៉ែម សំអូន កាន់តែមានភាពកក់ក្តៅក្រោយភរិយា យ៉ាន់ លីនដា បានត្រឡប់មករស់នៅស្រុកកំណើតវិញ ។ អ្វីដែលកត់សម្គាល់នោះគ្រាន់តែអ្នកនាងមកដល់ស្រុកខ្មែរមិនទាន់បានប៉ុន្មានផងក៏មានការបង្ហើបថាប្តីប្រពន្ធមួយគូនេះកំពុងមានទីផ្សារការងារច្រើនមិនថាថតស្ប៉ត និងពិធីករឡើយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងថ្ងៃទី ១៦នេះដែរក៏មានការបង្ហើបថាតារាចម្រៀងរូបនេះបានលុតជង្គង់សុំភរិយារៀបការជាថ្មីក្រោយបែកផ្លូវគ្នាប្រមាណជា ១០ឆ្នាំ។
ក្រោយបែកផ្លូវគ្នារស់នៅជើងមេឃម្ខាងម្នាក់រយៈពេល១០ឆ្នាំ លោក យ៉ែម សំអូន និងភរិយា បានសម្រេចដកថយម្នាក់មួយជំហាននឹងបានត្រូវរ៉ូវជាមួយភរិយាវិញ។ ពេលនេះដែរអ្នកនាង យ៉ាន់ លីនដា ក៏បាននាំកូនស្រីតែមួយត្រឡប់មកស្រុកកំណើតកាលពីពេលថ្មីៗនេះ ។ បើតាមគម្រោងអ្នកនាងនឹងវិលមករស់នៅជាមួយស្វាមីលោក យ៉ែន សំអូន វិញនឹងធ្វើការងាររួមគ្នានៅក្នុងមុខរបរផ្នែកតន្រ្តីឡើងវិញ ។ អ្វីដែលកត់សម្គាល់មានការបង្ហើបថាក្រោយពីអ្នកនាង យ៉ាន់ លីនដា ត្រលប់មកស្រុកខ្មែរភ្លាមអ្នកទាំងពីរក៏មានការងារច្រើនជាពិសេសការថតសម្អាងការ និងពិធីករពិធីការិនីនៅក្នុងកម្មវិធីនានា។ អ្វីដែលកត់សម្គាល់នៅក្នុងថ្ងៃទី ១៦នេះក៏មានការលើកឡើងពីសំណាក់អ្នកនាង ទឹម រដ្ឋា ថា លោក យ៉ែម សំអូន លុតជង្គង់ស៊ុបប្រាយសុំភរិយារៀបការម្តងទៀតហើយក៏ត្រូរបានអ្នកនាង យ៉ាន់ លីនដា យល់ព្រមដោយក្តីរំភើបផងដែរ ។
តាមរយៈការលើកឡើងរបស់ ទឹម រដ្ឋា គេមិនទាន់ច្បាស់ថាតើលោក យ៉ែម សំអូន និងមានគម្រោងរៀបការជាថ្មីម្តងទៀតនៅពេលណានោះឡើយ។ អ្វីដែលកត់សម្គាល់ក្រៅពីការវិលមករួមការងារជាមួយគ្នាឡើងវិញលោក យ៉ែម សំអូន ក៏នឹងមានគម្រោងថ្មីៗនៅក្នុងការផលិតMV ដោយមានអ្នកនាង យ៉ាន់ លីនដា ជាអ្នកច្រៀងនិងសម្តែងដោយផ្ទាល់ ។ អ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញការរីករាយ និងជូនពរក្រោយតារាចម្រៀង យ៉ែម សំអូន នឹងភរិយាបានវិលមករួមរស់ជាមួយគ្នាបន្ទាប់ពីរស់នៅបែកគ្នាដល់ទៅ ១០ឆ្នាំ ៕