ផលិតកម្មបារមីបានស្វាគមន៍តារាចម្រៀងចំណូលថ្មី រ៉េត ស៊ូហ្សាណា យ៉ាងកាលីបដោយការដាក់រូបភាពរបស់នាងលើស្លាកប៉ាណូនៅតាមដងផ្លូវមួយកន្លែង ។ សូម្បីតែCover នៅក្នុងផេកក៏បានប្តូរមកដាក់រូបភាពរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា ផងដែរ ។ ទាំងនេះធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា រំភើបខ្លាំងហើយរំពឹងថាអាយដលខ្លួននឹងមានស្នាដៃថ្មីប្លែកនៅក្នុងផលិតកម្មមួយនេះ ។
បើតាមគម្រោងបទចម្រៀងរបស់ រ៉េត ស៊ូហ្សាណា នៅក្នុងទ្រនំថ្មីនឹងបង្ហាញជូនអ្នកគាំទ្រខ្លួននៅក្នុងថ្ងៃទី ២២ខាងមុខនេះដែលគេរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីសំណាក់យុវវ័យព្រោះជាស្នាដៃថ្មីរបស់នាងនៅក្នុងផលិតកម្មបែបយុវវ័យ ។អ្វីដែលកត់សម្គាល់ក្រោយចាកចេញពីទ្រនំចាស់ដែលបានរួមការងារប្រមាណជា ៨ឆ្នាំ រ៉េត ស៊ូហ្សាណា ក៏បានអរគុណដល់ផលិតកម្មរស្មីហង្សមាសដែលបានផ្តល់ជាបទពិសោធន៍ក៏ដូចជាអនុស្សាវរីយ៍ល្អៗសម្រាប់នាងនាពេលកន្លងមក ។
ក្នុងនោះតារាចម្រៀងវ័យក្មេងរូបនេះក៏បានរៀបរាប់ប្រាប់ថាមុននឹងក្លាយជាសមាជិកនៅក្នុងទ្រនំថ្មីបារមី នាងបានចំណាយពេលក្នុងការអភិវឌ្ឍខ្លួនឯង នឹងបានរៀននិពន្ធក៏ដូចជាសរសេរបទចម្រៀងដោយខ្លួនឯងនឹងបានសិក្សានិងកែលំអរនូវរឿងរ៉ាវមួយចំនួនទៀត ។ ចំណុចទាំងនេះហើយទើបបានជាតារាចម្រៀងរូបស្រស់ម្នាក់នេះបានពោលទាំងមានជំនឿចិត្តថាមិនឱ្យអ្នកគាំទ្ររបស់ខ្លូនខកចិត្តនោះឡើយ។
ដោយសារសមត្ថភាព និងទេពកោសល្យមួយចំនួនរបស់តារាស្រីវ័យក្មេងរូបនេះទើបផលិត កម្មបារមី មិនខ្លាចនឹងស្វាគមន៍តារាចម្រៀង រ៉េត ស៊ូហ្សាណា យ៉ាងកក់ក្តៅពោលគេបានឃើញផលិតកម្មបារមីបានបង្ហាញរូបភាព រ៉េត ស៊ូហ្សាណា លើស្លាកប៉ាណូតាមដងផ្លូវរវង្វង់មូលស្អាតចាស់ដោយបញ្ជាក់ថាតារាស្រីវ័យក្មេងរូបនេះជាសមាជិកថ្មីនៅក្នុងទ្រនំរបស់ខ្លួន ។ បន្ថែមពីនេះអ្នកគាំទ្រជាច្រើនរំពឹងថា រ៉េត ស៊ូហ្សាណា នឹងមានស្នាដៃថ្មីៗជាមួយតារារ៉េប វណ្ណដា នៅក្នុងពេលដែលពួកគេរួមទ្រនំជាមួយគ្នា៕