មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញពិធីការិនីរូបស្រស់ ពេជ្រ សេរីរ័ត្ន បង្ហោះវីដេអូខ្លីៗពីការរើសឈុតសម្លៀកបំពាក់កូនក្រមុំ ។ជាពិសេសនាងបានបង្ហោះរូបភាពស្លៀករ៉ូបកូនក្រមុំពណ៌ស និងនិយាយថាថ្ងៃដែលរង់ចាំ ។
សព្វថ្ងៃ ពេជ្រ សេរីរ័ត្ន កាន់តែមានប្រជាប្រិយភាពឡើងវិញក្រោយពីនាងបានវិលមកបង្ហាញខ្លួននៅក្នុងកម្មវិធី ស ខ្មៅ ដែលកំពុងពេញនិយមពីសំណាក់អ្នកលេងហ្វេសប៊ុក ។ ក្រៅពីនេះពិធីការិនីរូបនេះតែងចែករំលែកពីបទពិសោធន៍ខ្លីៗនៅក្នុងជីវិតគ្រួសារដល់មហាជនជាអ្នកគាំទ្ររបស់ខ្លួនផងដែរ ។ បើក្រឡេកមើលជីវិតឯកជនរបស់ ពេជ្រ សេរីរ័ត្ន ក៏កំពុងមានក្តីសុខដោយអ្នកនាងមានកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់ តែកន្លងមកពិធីការិនីរូបនេះមិនដែលលេចឮថារៀបការនោះឡើយ ។ មិនតែប៉ុណ្ណោះអ្នកនាងក៏មិនដែលបើកបង្ហាញមុខមាត់ដៃគូរបស់ខ្លួនដូចមិត្តភក្តិដទៃឡើយ ។ ប៉ុន្តែថ្មីៗនេះ ពេជ្រ សេរីរ័ត្ន បានបង្ហាញរូបភាពដ៏ស្រស់ស្អាតក្នុងឈុតរ៉ូបកូនក្រមុំពណ៌សដោយភ្ជាប់សារខ្លីដែលមានន័យថា «ថ្ងៃដែលរង់ចាំ»។ បន្ថែមពីនេះគេបានឃើញអ្នកនាងទៅរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍ថែមទៀត ។
សកម្មភាពទាំងនេះរបស់ ពេជ្រ សេរីរ័ត្ន ធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងគិតថា អាយដលខ្លួននឹងរៀបការទៅតាមប្រពៃណីខ្មែរបើទោះអ្នកនាងមានកូនប្រុសស្រីធំៗទៅហើយក្តី ។ ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថាទាំងនេះគ្រាន់តែជាការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសម្អាងការតែប៉ុណ្ណោះពិធីការិនី ពេជ្រ សេរីរ័ត្ន មិនបានរៀបការឡើយ ។ ទោះបីជាមានការខមិនសួរខ្លះៗពីអ្នកលេងហ្វេសប៊ុកក្តី តែអ្នកនាង ពេជ្រ សេរីរ័ត្ន មិនបានផ្តល់ចម្លើយនោះទេ ។ ក្នុងនាមជាអ្នកម៉ាក់សម័យថ្មីទោះមានកូនពីរនាក់ទៅហើយ តែ ពេជ្រ សេរីរ័ត្ន នៅតែរក្សាសម្រស់បានស្រស់ផូរផង់ហើយការរៀបចំខ្លួនក៏ស្អាតខ្ញង់ផងដែរ៕