ក្នុងនាមជាលោកគ្រូម្នាក់ពិធីករលោក ដួង សុខគា បានបង្ហាញក្តីបារម្ភនឹងដាស់តឿនដល់អ្នកលេងបណ្តញសង្គមមួយចំនួនឱ្យជួយគិតគូរថែរក្សាភាសាជាតិព្រោះលោកសង្កេតឃើញថាមានការប្រើបា្រស់ខុសច្រើន។ ក្នុងនោះលោកបានបញ្ជាក់ថាពេលខ្លះចង់ទិញទំនិញ តែពេលស្តាប់អ្នកលក់និយាយខ្មែរខុសក៏លែងចង់ទិញទៀតផង។
ជឿជាក់អ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់ហើយពិធីករពហុជំនាញលោក ដួង សុខគា ដែលតែងចែករំលែកនូវចំណេះដឹងមានប្រយោជន៍នៅតាមបណ្តាញសង្គម ។ តួយ៉ាងថ្មីៗនេះពិធីកររូបនេះបានបង្ហាញការហួសចិត្តក្រោយឃើញការប្រើប្រាស់ភាសាជាតិនៅតាមបណ្តាញសង្គមមានការខុសច្រើនដែលធ្វើឱ្យលោកបារម្ភខ្លាចថ្ងៃក្រោយខ្មែរនិយាយខ្មែរស្តាប់គ្នាលែងបាន ។ លោកបានបង្ហោះសំណេររៀបរាប់ថា «អ្នកប្រើវោហាលើបណ្តាញសង្គមទាំងឡាយអើយ ជួយគិតគូរថែរក្សាភាសាជាតិផងណាលោកណា! អ្នកលក់ អ្នករាយការណ៍ ។ល។
កុំឱ្យខុសច្រើនពេកណាលោក! អរគុណជាមួយ ឆ្ងល់ជាមួយ ធ្វើការជេរ ធ្វើការយំ ធ្វើការស្លាប់ ណែនាំផ្ទាល់ជាមួយ!។ល។ តើ វេយ្យាករណ៍នៅឯណា? ក្មេងៗខាងក្រោយគ្នាគិតថាយើងចាស់ៗនិយាយត្រូវ គ្នាតាមយើងហើយ គ្នាប្រើភាសាជាតិខ្លួនឯងលែងត្រូវហើយ បើបែបៗនេះថ្ងៃខាងមុខខ្មែរនិយាយខ្មែរ ស្តាប់គ្នាលែងបាន!ទំនិញខ្លះខ្ញុំចង់ទិញ ដល់ពេលបានស្តាប់អ្នកលក់ និយាយខ្មែរ មួយល្បះខុស បួនប្រាំកន្លែង! ធ្វើការៗៗៗ ផងដែរៗ ជាមួយៗៗ ផ្ទាល់ៗៗៗ ខ្ញុំក៏លែងចង់ទិញ លែងចង់មើល! រកអ្នកចេះឱ្យ និយាយឱ្យទៅបានទេ?! និស្សិតរៀនភាសាខ្មែរ រៀនចប់ច្រើនណាស់! បើនិយាយខុសច្រើន បែបនេះ រលាយហើយភាសាយើង!សូមជួយគិតគ្នា!»។
ជុំវិញការលើកឡើងរបស់លោក ដួង សុខគា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានការយល់ស្របនិងពេញចិត្តជាខ្លាំងហើយរំពឹងថានឹងមានការជួយគិតគូរចំពោះរឿងនេះមិនថាការនិយាយឬការសរសេរដើម្បីជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ។ បន្ថែមពីនេះក៏មានអ្នកខ្លះបានបញ្ចេញមតិថាសូម្បីតែការប្រើប្រាស់ពាក្យ«ខ្ញុំ»លែងមានហើយម្នាក់ៗបែរជាសរសេរថា «ញ៉ុម»ទៅវិញ៕