មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយបានឃើញតារាសម្តែង ភីយ៉ា បានប្រកាសថាខ្លួនជាខ្មែរក្រោមជាលើកដំបូងនៅក្នុងការសម្ភាសមួយ តែអ្វីដែលធ្វើឱ្យអ្នកនាងមានការហួសចិត្តនឹងពិបាកទទួលយកនោះនៅពេលប្រាប់គេថាខ្មែរក្រោម តែគេបែរសួរថាជាជនជាតិវៀតណាមមែន?
អ្នកនាង ភីយ៉ា ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ដែលតែងលេចមុខនៅក្នុងខ្សែរឿងភាគទូរទស្សន៍ជាច្រើនបើទោះមិនបានក្តោបតំណែងជាតួឯក តែក៏ជាតួសំខាន់នៅក្នុងសាច់រឿងហើយអ្នកនាងក៏ត្រូវគេស្គាល់ថាជាភរិយារបស់លោកមេធាវី អ៊ុំ រតនា ផងដែរ ។ ប៉ុន្តែថ្មីៗនេះ អ្នកនាង ភីយ៉ា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយអ្នកនាងបានប្រកាសនៅក្នុងការសម្ភាសមួយថាខ្លួនជាខ្មែរកម្ពុជាក្រោម។
នេះជាលើកដំបូងដែលតារាស្រីរូបនេះបានទម្លាយពីអត្តសញ្ញាណរបស់ខ្លួនតាមបណ្តាញសង្គមបែបនេះ ។ស្ទើរមិនចាប់អារម្មណ៍ថា ភីយ៉ា ជាខ្មែរកម្ពុជាក្រោមព្រោះអ្នកនាងនិយាយភាសាខ្មែរបានយ៉ាងច្បាស់មិនដូចខ្មែរក្រោមដទៃឡើយ។ តារាសម្តែង ភីយ៉ា បានឱ្យដឹងថាឪពុកម្តាយជីដូនជីតារបស់អ្នកនាង រស់នៅខេត្តឃ្លាំងកម្ពុជាក្រោមហើយសម្រាប់អ្នកនាងកើតនៅភ្នំពេញនឹងធ្លាប់បានទៅរស់នៅទីនោះរយៈពេលបីឆ្នាំពេលដែលមានអាយុ១១ឆ្នាំ ។កាលណោះអ្នកនាងក៏បានលួចរៀនអក្សរខ្មែរបានមួយថ្ងៃគឺនៅថ្ងៃសុក្រ។មិនមានការលាក់លៀមតារាសម្តែងរូបសម្រស់ម្នាក់នេះបានឱ្យដឹងថាអ្នកនាងមានបំណងចង់ទៅលេងជួបជុំក្រុមគ្រួសារនិងមិត្តភក្តិកាលនៅតូចៗ តែបើថា មានបំណងទៅរស់នៅនោះគឺមិនមានទេព្រោះមានអនុស្សាវរីយ៍នៅទីនោះតិចតួចពេក ។
អ្វីដែលធ្វើឱ្យតារាសម្តែង ភីយ៉ា មានការអាក់អន់ចិត្តនោះនៅពេលអ្នកនាងប្រាប់គេថាជាខ្មែរកម្ពុជាក្រោម តែងមានគេសួរវិញថា«អូនឯងជាយូនមែន«?តារារូបនេះបានលើកឡើងថាកន្លងមកលោកយាយរបស់អ្នកនាងធ្លាប់និយាយថាសព្វថ្ងៃមិនដឹងជាជនជាតិអ្វីទេព្រោះពេលទៅខ្មែរគេហៅថា យួន ហើយពេលរស់នៅកម្ពុជាក្រោមគេហៅថា ខ្មែរ ។ប៉ុន្តែយ៉ាងណា អ្នកនាង ភីយ៉ា ក៏បានបន្ថែមថាចុងក្រោយនេះបងប្អូនមួយចំនួនមានការយល់បានច្រើនពី ខ្មែរកម្ពុជាក្រោម៕