អ្នកគាំទ្របានចូលរួមអបអរសាទរក្រោយពីតារាសម្តែង វី វុទ្ធី បានបញ្ចប់ការប្រកួតកីឡាកាយវប្បកម្មដោយរលូននៅប្រទេស ហ្វីលីពីនកាលពីថ្ងៃទី ២៥ ម្សិលមិញនេះ។ អ្វីដែលចាប់អារម្មណ៍តារាសម្តែងរូបនេះក៏ទទួលបានមេដាយប្រាក់ចំនួនពីរផងដែរ។
គួរឱ្យដឹងដែរថាលោក វី វុទ្ធី បានធ្វើដំណើរទៅប្រកួតកីឡាកាយវប្បកម្មជាមួយមិត្តរួមក្រុមប្រមាណជាបីរូបនៅក្នុងកម្មវិធី IFBB pro Qualifier Asia Grand prix(AGP) នៅប្រទេសហ្វីលីពីន ដែលកម្មវិធីបានរៀបចំឡើងនៅក្នុងថ្ងៃទី ២៥ ម្សិលមិញនេះ ។ បើតាមការលើកឡើងរបស់លោក វី វុទ្ធី បានឱ្យដឹងថាលោកទទួលបានមេដាយប្រាក់ចំនួន ពីរទៅលើវិញ្ញាសារ Men physique master និង វិញ្ញាសារ Classic physique master សម្រាប់អ្នកមានវ័យលើស ៣៥ឆ្នាំ ។
បើទោះមិនទទួលបានមេដាយមាសដូចអ្វីដែលបានរំពឹងទុក តែតារាសម្តែង វី វុទ្ធី ក៏ទទួលបានការលើកទឹកចិត្តពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើនសម្រាប់ជោគជ័យមួយនេះ ។ ដូចដឹងស្រាប់ហើយថាមុននឹងចូលរួមប្រកួតលោកបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងអស់ពីសមត្ថភាព ។ ជាចុងក្រោយតារាសម្តែងរូបនេះក៏បានផ្ញើរជូនមេដាយប្រាក់ទាំងពីរគ្រឿងដល់អ្នកគាំទ្រ ជាពិសេសបងប្អូននៅទូទាំងប្រទេសផងដែរ ។
លោក វី វុទ្ធី គឺជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពគួរសមនៅក្នុងពិភពសិល្បៈដោយលោកតែងលេចមុខនៅក្នុងខ្សែរឿងជាច្រើនក្នុងតំណែងជាតួចិត្តអាក្រក់ និងតួ មេទ័ពជាដើម ។ ក្រៅពីតារាសម្តែងលោកក៏ជាគ្រូបង្ហាត់កីឡានៅម្នាក់ដែរ ។អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរដល់លោក វី វុទ្ធី គ្រប់គ្នាព្រោះមិនមែនជារឿងធម្មតាទេដែលលោកអាចហាត់យកសាច់ដុំទាំងកង់ៗបែបនេះព្រោះទាមទារទាំងការប្រឹងប្រែងពេលវេលា រួមនឹងការទទួលទានអាហារទៀតផង ៕