តារាចម្រៀងល្បីប្រចាំប្រទេសពីររូបគឺតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បាន ចំណាយធនធានផ្ទាល់ខ្លួនចំនួន២០០លានរៀលដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែន។ ការចូលរួមផ្តល់ធនធានផ្ទាល់ខ្លួនរបស់តារាចម្រៀងទាំងពីររូបក៏បានធ្វើឱ្យមហាជនមានការលាន់មាត់សរសើរចំពោះទឹកចិត្តរបស់តារាទាំងពីររូបផងដែរ ។
មិនមែនជាលើកដំបូងទេជារឿយតារាចម្រៀងទាំងពីររូបតែងចូលរួមផ្តល់ថវិកាផ្ទាល់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ។ តួយ៉ាងថ្មីៗនេះដើម្បីគោរពទៅតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបង្កើតនូវ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែនហើយក៏បានបើកទូលាយឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសបានចូលរួមចំណែកផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាងជាតិមាតុភូមិនោះ។
គេសង្កេតឃើញតារាចម្រៀងដែលមានងារជាឧកញ៉ា ព្រាប សុវត្ថិ ក៏បានចំណាយនូវធនធានផ្ទាល់ខ្លួនប្រមាណជា ២០០លានរៀលដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះក៏បានអំពាវនាវឱ្យពុក ម៉ែបងប្អូនទាំងអស់ចូលរួមនៅក្នុងមូលនិធិមួយនេះទៅតាមសទ្ធាមិនថាតិចឬច្រើន។
ងាកមកតារាចម្រៀង ឧកញ៉ាខេមរៈសិរីមន្ត វិញក៏មិនខុសពីរៀមច្បងរួមទ្រនំដែរលោក និងភរិយាបានបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០០លានរៀលដេម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន។ ក្រៅពីតារាចម្រៀងទាំងពីររូបនេះក៏មានសិល្បករ សិល្បការិនីរួមនឹងប្រជាពលរដ្ឋខ្មែរ ក៏បានចូលរួមនៅក្នុងមូលនិធិមួយនេះជាបន្តបន្ទាប់ផងដែរ ៕