ប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្តែង នី មុន្នីនាថ បានបាត់មុខពីការសម្តែងរឿងនានាដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង ។ ប៉ុន្តែយ៉ាងណាតារាទឹកភ្នែករូបនេះក៏មិនបានឃ្លាតឆ្ងាយពីការងារសិល្បៈដែរពោលសព្វថ្ងៃកញ្ញាងាកមកផលិតវីដេអូអប់រំខ្លីៗដែលទាក់ទងជាមួយនឹងល្ខោនបាសាក់ យីកេ និងល្ខោននិយាយជាដើម ។
នី មុន្នីនាថ ត្រូវបានគេស្គាល់ថាជាតារាសម្តែងទឹកភ្នែកដែលមានប្រជាប្រិយភាពខ្លាំង តែប្រមាណជាជិតបីឆ្នាំ ចុងក្រោយនេះកញ្ញាមិនបានបង្ហាញសកម្មភាពថ្មីៗនៅក្នុងការថតរឿងទៀតឡើយដោយមមាញឹកជាមួយនឹងការងារសង្គមផ្នែកផ្តល់ឈាមដែលនាងក៏មានតួនាទីជាប្រធានមូនិធិឈាមផងដែរ។
ក្រៅពីនេះ នី មុន្នីនាថ ក៏ឆ្លៀតមកពង្រឹងនៅក្នុងការងាររកស៊ីនៅតាមអនឡាញនិងហាងសាឡនរបស់នាងទៀតផង ។ អ្វីដែលគួរឱ្យសរសើរដ្បិតជាសិល្បការិនីផ្នែកសម័យក្តី តែតារាស្រីរូបនេះបានបង្ហាញការព្រួយបារម្ភចំពោះសិល្បៈបុរាណមួយចំនួនដែលមានដូចជា ល្ខោននិយាយ ល្ខោនបាសាក់ និងល្ខោនយីកេ ដែលកំពុងប្រឈមនឹងបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយសារតែមិនចង់ឱ្យមានការបាត់បង់ទៅថ្ងៃក្រោយ នី មុន្នីនាថ បានងាកមកផលិតវីដេអូអប់រំខ្លីៗដែលទាក់ទងទៅនឹងសិល្បៈបុរាណទាំងនេះដើម្បីឱ្យមហាជនក៏ដូចជាយុវវ័យ មានការចាប់អារម្មណ៍ឡើងវិញ ។
ឆ្លៀតពេលទំនេរអតីតនាដការីរបាំបុរាណដ៏ល្បីឈ្មោះដែលបានសិក្សាផ្នែករបាំអស់ពេលជាង ២០ ឆ្នាំរូបនេះក៏បានបើកសាលាបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយដែលចង់ហាត់របាំបុរាណខ្មែរទៀតផង ។ដោយសារតែទឹកចិត្តស្រឡាញ់វិស័យសិល្បៈតារាសម្តែង នី មុន្នីនាថ មិនមានបំណងបោះបង់អាជីពសម្តែងឡើយនាងនឹងវិលត្រឡប់មកក្នុងការសម្តែងឡើងវិញនៅពេលរយាលពីការងារដែលកំពុងធ្វើបច្ចុប្បន្ន ។អ្វីដែលគួរឱ្យកត់សម្គាល់ខណៈតារាស្រីប្រុសជាច្រើនបានរៀបការនឹងមានដៃគូទៅហើយក្តី តែ នី មុន្នីនាថ នៅមិនទាន់មានភាពក្លាហានក្នុងការបង្ហាញមុខគូស្នេហ៍ជាសាធារណៈដល់អ្នកគាំទ្ររបស់ខ្លួនឡើយបើទោះកន្លងមកនាងធ្លាប់ប្រកាសថាមានគូស្នេហ៍ក្រោយចែកផ្លូវជាមួយគូដណ្តឹងជាអណិកជនខ្មែររស់នៅអាមេរិក ៕