ដោយសារសមត្ថភាពរួមផ្សំជាមួយរូបសម្បត្តិបានធ្វើឱ្យពិធីការិនី ចាន់ កែវនិមល នៅតែមានទីផ្សាររឹងមាំនៅក្នុងអាជីពជាពិធីការិនី។ ថ្មីៗនេះទៀតសោតអ្នកនាងក៏មានឱកាសក្តោបបានតំណែងជាBAឱ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញមួយដោយទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាសម្តែងល្បីនោះឡើយ។
ទោះមានកូនប្រុសស្រីដល់ទៅពីរនាក់ក្តី តែសម្រស់ក៏ដូចជារូបរាងរបស់ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស ចាន់ កែវនិមល នៅតែស្រស់ខ្ញង់មិនថមថយឡើយ ។ បើក្រឡេកមកមើលការតុបតែងខ្លួនរបស់អ្នកនាងក៏ស្រស់ស្អាតទៅតាមពេលវេលានិងកម្មវិធីដែលអ្នកនាងបានចូលរួមផងដែរ ។ អ្វីដែលកត់សម្គាល់បើទោះមិនទទួលបានឱកាសក្លាយជាពិធីការិនីនៅក្នុងកម្មវិធីដ៏ធំនៅក្នុងទូរទស្សន៍ហង្សមាសCambodia Idol ក្តី តែអ្នកនាង ចាន់ កែវនិមល មិនបានខ្វល់ខ្វាយអ្វីឡើយដោយចុងក្រោយនេះអ្នកនាងក៏មានឱកាសបានក្លាយជាអ្នកតំណាងBAឱ្យក្រុមហ៊ុនលក់ផលិតផលរក្សាសម្រស់មួយរយៈពេលមួយឆ្នាំ ដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតាឡើយ ។ បើទោះមិនបានប្រាប់ពីតម្លៃខ្លួនជាក់លាក់ តែតាមការលើកឡើងពីសំណាក់ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា បានឱ្យដឹងថា ពិធីការិនីររូបនេះទទួលតម្លៃខ្លួនដល់ទៅសែនដុល្លារឯណោះសម្រាប់ការផ្សព្វផ្សាយរយៈពេលមួយឆ្នាំ ។
ទោះមានតម្លៃខ្លួនខ្ពស់ តែម្ចាស់ក្រុមហ៊ុនមិនបានរារែកឡើយដោយយល់ថាជារឿងត្រឹមត្រូវព្រោះអ្នកនាង ចាន់ កែវនិមល ជាតារាដែលកម្រនឹងធ្វើBA ហើយក៏ជាពិធីការិនីដែលមានប្រជាប្រិយភាពថែមទៀត ។ មិនត្រឹមជាពិធីការិនីដែលមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណោះទេ អ្នកនាង ចាន់ កែវនិមល ក៏ជាអ្នកសិល្បៈដែលមិនដែលពើបប្រទះនូវរឿងអាស្រូវអ្វីឡើយ៕