បើតាមគម្រោងតារាចម្រៀង ខេមរៈ សិរិមន្ត នឹងតំណាងឱ្យសិល្បករកម្ពុជាផ្នែកសម័យចេញទៅច្រៀងនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះចាប់អារម្មណ៍នោះគឺតារាចម្រៀង ខេមរៈ សិរីមន្ត ក៏ឆ្លៀតធ្វើការផ្សព្វផ្សាយដើម្បីលក់ដីរបស់ខ្លួនជូនដល់បងប្អូនខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិកទៀតផង ។
ក្នុងនាមជាតារាចម្រៀងជួរមុខពេលនេះម្ចាស់បទ «Call me papa» ក៏នឹងតំណាងឱ្យសិល្បករកម្ពុជាផ្នែកសម័យដើម្បីចូលរួមសម្តែងនៅក្នុងកម្មវិធីThe Inaugural Cambodia Day ដែលនឹងប្រព្រឹត្តទៅណៅក្នុងថ្ងៃទី ២៨ កញ្ញា ខាងមុខនេះនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ រួមនឹងសិល្បករ សិល្បការិនី បុរាណមួយចំនួនទៀត។ បើតាមការលើកឡើងរបស់តារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះបានបន្ថែមថាកម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ និងផលិតផលខ្មែរទៅកាន់ពិភពលោកទាំងមូល ។
អ្វីដែលគួរឱ្យសម្គាល់ក្រៅពីការសម្តែងរយៈពេលមួយថ្ងៃតារាចម្រៀង ខេមរៈ សិរីមន្ត នៅឆ្លៀតធ្វើការផ្សព្វផ្សាយការលក់ដីដែលស្ថិតនៅក្នុងទឹកដីខេត្តសៀមរាបដល់បងប្អូនខ្មែរដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកទៀតផង ។ តារារូបនេះបានប្រាប់ថាលោកនឹងនាំយកប្លង់រឹងទៅជាមួយថែមទៀតដើម្បីឱ្យបងប្អូននៅទីនោះមានទំនុកចិត្តនិងមានភាពងាយស្រួល ។ ជុំវិញការលើកឡើងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការសរសើរថាទីផ្សាររបស់តារាចម្រៀងរូបនេះពិតជាខ្លាំងមិនធម្មតាឡើយ ។
ចុងក្រោយនេះគេសម្គាល់ឃើញថាតារាចម្រៀង ខេមរៈ សិរីមន្ត បានពង្រឹងទាំងអាជីពសិល្បៈ និងមុខជំនួញរបស់ខ្ឡួន ។ដ្បិតមិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចប៉ុន្មានខែមុន តែតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែមានទីផ្សារខ្ពស់ក្នុងការបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនានាជាមួយនឹងការលេងស្ទីលតែងខ្លួនទាន់សម័យមិនចាញ់តារាស្រករក្រោយនោះឡើយ ៕
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!