អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរគ្រប់គ្នាក្រោយពីបានឃើញទម្រង់មុខថ្មីរបស់តារាចម្រៀងវ័យក្មេង លីន សោម៉ា កាន់តែស្រស់ស្អាតនិងទាក់ទាញជាងមុនក្រោយពីនាងបានកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួច។
ក្រៅពីសមត្ថភាពនិងទេពកោសល្យរូបសម្រស់ និងស្ទីលនៃការរៀបចំខ្លួនក៏ជាទុនសំខាន់សម្រា ប់តារាចម្រៀងនាសម័យបច្ចុប្បន្ននេះ ។ ស្របបច្ចេកទេសកាន់តែរីកចំរើនការកែបន្ថែមនៃរូបសម្ជស្សជារឿងធម្មតាសំខាន់ឱ្យតែមានប្រាក់ ។ តួយ៉ាងថ្មីៗនេះអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី Beat The Best រដូវកាលទីពីរ លីន សោម៉ា បានធ្វើឱ្យហ្វេន ហ្វេន លាន់មាត់សរសើរគ្រប់គ្នាក្រោយឃើញទម្រង់មុខថ្មីរបស់នាងកាន់តែស្រស់ស្អាតក្រោយពីកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចកាលពីពេលថ្មីៗនេះ ។
ខ្លះថែមទាំងលើកឡើងថាក្រោយកែច្រមុះ លីន សោម៉ា ស្អាតដូចកូនកាត់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មខ្នាតយក្សមួយនេះ លីន សោម៉ា កាន់តែមានទីផ្សារការងារទូលាយហើយតម្លៃខ្លួនក៏ឡើងខ្ពស់ទៅតាមនោះដែរ ។
មិនខុសពីអតីតម្ចាស់ពានដទៃ លីន សោម៉ា ក៏កំពុងមមាញឹកក្នុងការថតបទចម្រៀងថ្មីៗជាបន្តបន្ទាប់ តែមិនទាន់មានបទណាមួយចេញជាផ្លូវការនៅឡើយទេ ។ ក្នុងនោះក៏មានហ្វេន ហ្វេន ជាច្រើនរង់ចាំស្តាប់យ៉ាងអន្ទះសារ ព្រោះដូចដឹងស្រាប់ហើយថា លីន សោម៉ា ជាតារាចម្រៀងជំនាន់ក្រោយម្នាក់ដែលមានទឹកដមសំឡេងពីរោះ ជាពិសេសបទសម័យដើមតែម្តង ។ ទម្រាំមានឱកាសក្លាយជាម្ចាស់ពាននិងជាតារានៅក្នុងទ្រនំហង្សមាស លីន សោម៉ា បានប្រឹងប្រែងព្យាយាមអស់រយៈពេលជាច្រើនឆ្នាំ ៕