ក្រោយឃើញអតីតតារាចម្រៀង ម៉ៃ សុគន្ធ សំពះសុំទោសតាមបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីលោកបានបើករថយន្តរត់គេចពីគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍សមត្ថកិច្ចកាលពីថ្ងៃទី ០៥ កន្លងទៅ ។ ក្នុងនាមជាអ្នកច្បាប់ម្នាក់ដែរឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញទស្សនៈមួយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ ។
គួរឱ្យដឹងថាបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សម្នាក់រងរបួស និងបុករបាំងថ្មរលំអស់ពីរផ្ទាំងនោះលោក ម៉ៃ សុគន្ធ ក៏បានចេញមុខសុំទោសនូវតាមបណ្តាញសង្គមដល់ថ្នាក់ដឹកនាំទាំងអស់ដែលមានដូចជាសម្តេចពុក សម្តេចម៉ែ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការ ស ថេត លោកស្នងការនគរបាលរាជធានីភ្នំពេញ និង អគ្គស្នងការរង ជួន ណារិន្ទ រួមទាំងអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរផងដែរ ។
ក្រៅពីទទួលស្គាល់កំហុសដែលបើកបរមិនបានគោរពច្បាប់ចរាចណ៍នឹងមានគ្រឿងស្រវឹងក្នុងខ្លួនហើយមូលហេតុដែលលោកបើករថយន្តរត់គេចដោយសារភ័យខ្លាចបាត់បង់កិត្តិយសពេលត្រូវសមត្ថកិច្ចផាកហើយមានសារព័ត៌មានចុះផ្សាយពោលលោកគ្មានចេតនាអ្វីផ្សេងឡើយ។ ក្រៅពីនោះលោកក៏បានធានាចេញសងថ្លៃខូចខាតចំពោះជនរងគ្រោះនៅក្នុងហេតុការណ៍នោះនឹងសន្យាថាមិនឱ្យមានកំហុសឆ្គងបែបនេះទៀតឡើយ។ ចុងក្រោយលោក ម៉ៃ សុគន្ធ ក៏បានផ្ញើរសារកុំឱ្យយុវវ័យទាំងអស់យកតម្រាប់តាមលោកព្រោះជាគំរូមិនល្អនៅក្នុងសង្គម។
ដ្បិតការលើកដៃសំពះសុំការសន្តោសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងមហាជនពីសំណាក់លោក ម៉ៃ សុគន្ធ ត្រូវបានអ្នកគាំទ្រមួយចំនួនពេញចិត្តក្តី តែសម្រាប់ឧកញ៉ា នឹម វណ្ណៈ បានលើកឡើងយ៉ាងចាក់ដោតថា «ច្បាប់អនុវត្តន៍ស្មើគ្នា ឬ ?? បើបំពានច្បាប់ហើយ ចេញមកសុំទោសចប់ គួរតែរំលាយច្បាប់ចោលល្អជាង»។សារខ្លីរបស់ឧកញ៉ា នឹម វណ្ណៈ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រដោយម្នាក់ៗលើកហេតុផលស្រដៀងគ្នាថា «ប្រទេសមានច្បាប់ គ្រួសារមានវិន័យយល់ញាតិឃ្លាតច្បាប់បើសុំទោសរួចខ្លួនមិនបាច់បង្កើតច្បាប់មកធ្វើអ្វីទេ»៕