ក្រោយរង់ចាំអស់រយៈពេលជាង ៩ខែពេលនេះអតីតសង្ឈដ៏ល្បីឈ្មោះលោកគ្រូ សាន សុជា បានឃើញមុខកូនប្រុសដំបូងហើយដែលមានមុខមាត់គួរឱ្យក្នាញ់កាត់ដូចលោកជាឪពុកតែម្តង ។ បើទោះរស់នៅក្រៅប្រទេស តែលោក សាន សុជា និងភរិយាបានដាក់ឈ្មោះកូនប្រុសជាឈ្មោះខ្មែរសុទ្ធសាធនឹងជួនជាមួយឈ្មោះរបស់លោកជាឪពុកថា សាន សុជាតិ ។
ដោយធ្លាប់ទទួលបានការរិះគន់ជាហូរហែរក្រោយពីបង្ហាញជីវិតឯកជនជាច្រើននៅលើបណ្តាញសង្គមបន្ទាប់ពីលាចាកសិក្ខាបទភ្លាមៗនោះ ។ ពេលនេះគេសង្កេតឃើញលោក សាន សុជា មិនសូវចែករំលែករូបភាពប្តីប្រពន្ធនៅក្នុងបណ្តាញសង្គមឡើយ ។
សូម្បីតែមុខមាត់កូនប្រុសដំបូងរបស់លោកក៏លោកមិនបានបង្ហាញដល់មហាជននោះដែរ ។ ប៉ុន្តែតាមរយៈការចែករំលែកពីសំណាក់អ្នកជិតស្និទ្ធបានឱ្យដឹងថាពេលនេះភរិយារបស់អតីតសង្ឈរូបនេះបានសម្រា លកូនប្រុសដោយសុវត្ថិភាពដែលមានសុខភាពល្អទាំងម្តាយនិងកូនប្រុស។ បើក្រឡេកមើលទម្រង់មុខកូនប្រុសរបស់លោកគឺដូចលោកបេះដាក់តែម្តង ។ តែប្រភពនោះមិនបានបញ្ជាក់ថាភរិយារបស់លោកសម្រាលនៅថ្ងៃណានោះឡើយ ។ អ្វីដែលគួរឱ្យសរសើរលោកមិនបានដាក់ឈ្មោះកូនប្រុសរបស់ខ្លួនជាឈ្មោះបរទេសទេពោលលោកដាក់ជាខ្មែរយ់ាងមានអត្ថន័យតែម្តង។
អ្នកគាំទ្ររបស់លោកគ្រូ សាន សុជា បានសម្តែងការត្រេកអរនិងជូនពរសម្រាប់ការទទួលបានសមាជិកថ្មីជាលើកដំបូងរបស់លោកគ្រូក្រោយរៀបមង្គលការប្រមាណជាជិតមួយឆ្នាំ ។ ទោះធ្លាប់ទទួលរងការរិះគន់ខ្លះៗក្តី តែលោកគ្រូ សាន សុជា នៅតែទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនមួយចំនួនដែលពេញចិត្តចំពោះការចែករំលែករបស់លោកគ្រូចំពោះការអប់រំផ្លូវចិត្តនិងព្រះធម៌នានា ។
កន្លងមកលោកធ្លាប់លើកឡើងថាទោះរវល់ តែលោកសុខចិត្តនិងបីកូនបណ្តើរចែករំលែកព្រះធម៌ជូនដល់មហាជននៅតាមសង្គមហ្វេសប៊ុក។ សព្វថ្ងៃលោកគ្រូ សាន សុជា និងភរិយា ឡៅ ដានេ កំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ៕