មានការអាណិតអាសូរពីសំណាក់មហាជនខណៈសុខៗតារាចម្រៀង សួស វីសា មានសំឡេងស្អកខ្លាំងខុសប្លែកពីមុន តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងចាប់អារម្មណ៍គ្រប់គ្នានោះក្រោយពេលតារាចម្រៀងរូបនេះបានធ្លោយមាត់ថាមានអ្នកចង់បានសំឡេងរបស់អ្នកនាង តែ មិនមែនជាខ្មោចនោះទេ ។
ពេលនេះដែរតារាចម្រៀង សួស វីសា កំពុងមានផ្ទៃពោះកូនទីពីរដែលអ្នកនាងបាននិយាយថាមិនមានអាការៈឃ្លានអាហារអ្វីទាំងអស់ តែអ្វីដែលពិបាកនោះអ្នកនាងមានជំងឺផ្តាសាយហើយរយៈពេលតែពីរថ្ងៃប៉ុណ្ណោះអ្នកនាងមានអាការៈធ្ងន់ធ្ងរដោយមានសំឡេងស្អកប្រែប្រួលខ្លាំងដែលធ្វើឱ្យអ្នកនាងភ័យខ្លាចដូចការប៉ុន្មានឆ្នាំមុនអ្នកនាងធ្លាប់មានអាការៈបាត់បង់សំឡេងបែបនេះដែលមានរយៈពេលដល់ទៅជាងមួយឆ្នាំឯណោះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យហ្វេន ហ្វេន មានការស្រឡាំងកាំងនោះក្រោយឃើញម្ចាស់បទ«បុប្ជាស្វាយរៀង»រូបនេះបង្ហោះសារគួរឱ្យព្រឺក្បាលថា
«ចង់បានសម្លេងខ្ញុំធ្វើអី?ពិសេសកន្លែងណា?😭ឈប់មករកខ្ញុំក្នុងសុបិន្តខ្ញុំទៀតទៅមកដដែលៗ3ថ្ងៃហើយ ខ្ញុំសុំ»។ ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះបានបញ្ជាក់ថាអ្នកដែលចងបានសំឡេងអ្នកនាងនោះមិនមែនជាខ្មោចទេ ព្រោះអ្នកនាងមានញាណពិសេស ។
សួស វីសា បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្នុងខមិន ថា «អ្នកដែលចង់បានសម្លេងខ្ញុំគេមិនមែនជាខ្មោចទេ.!ប្រាប់មួយចុះ..ព្រោះខ្ញុំជាក្រុមពពួកមនុស្សមានញាណពិសេសដែលខ្មោចចូលនៅក្បែរមិនបានទេ.!នេះតាមអ្វីដែលខ្ញុំឃើញនិងដឹងតាំងពីតូចដល់ចំណាស់នេះ»។ការលើកឡើងរបស់ សួស វីសា ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រមានការអាណិតអាសូរ ផ្តល់កម្លាំងចិត្តនឹងជូនពរឱ្យអ្នកនាងឆាប់បានជាសះស្បើយឆាប់ៗ ។ សម្រាប់ថ្ងៃទី ០៨ នេះតារាចម្រៀង សួស វីសា ក៏នឹងត្រូវបង្ហើរសំនៀងនៅក្នុងកម្មវិធីតន្ត្រីមួយរបស់ទូរទស្សន៍ហង្សមាស ដែលអ្នកនាងថាខ្លួនមិនមានសំឡេងសម្រាប់ច្រៀងទេ តែជាទំនួលខុសត្រូវដូច្នេះសុំបងប្អូនដែលជា ហ្វេនហ្វេនមានកាអធ្យាស្រ័យដល់រូបអ្នកនាងផង ៕