អ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់សរសើរដល់តារាចម្រៀងរូបសង្ហា លឹម តិចម៉េង ដែលមិនជ្រើសយកការចាយជីវិតហាយសូរក្រោយពេលដែលលោកកំពុងមានឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈ។ប៉ុន្តែកំលោះតូចរូបនេះបានទទួលស្គាល់ថាលោកក៏ចង់ប្រើប្រាស់សម្ភារៈម៉ាកល្បីៗថ្លៃៗនោះដែរ តែដោយសារលោកត្រូវមានបន្ទុកច្រើនត្រូវរ៉ាប់រង ។
មិនខុសពីបេក្ខភាពម្ចាស់ពានដទៃឡើយចូលប្រឡូកក្នុងសិល្បៈមួយរយៈលឹម តិចម៉េង មានលទ្ធភាពអាចទិញរថយន្តទំនើបប្រើប្រាស់ផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះលោកក៏អាចទិញផ្ទះរស់នៅសមល្មមដែលជាញើសឈាមរបស់ខ្លួនថែមទៀត ។ អ្វីដែលកត់សម្គាល់ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការងឿងឆ្ងល់ព្រោះក្នុងនាមជាតារាល្បីឈ្មោះម្នាក់ដែរ តែ លឹម តិចម៉េង ហាក់មិនសូវនិយមប្រើប្រាស់សម្ភារៈប្រេនថ្លៃដូចតារាដទៃឡើយ ។
ដើម្បីឱ្យអស់មន្ទិលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានបកស្រាយថាក្នុងនាមជាតារាចម្រៀងជាមនុស្សរបស់មហាជនលោកក៏ចង់ប្រើប្រាស់សម្ភារៈថ្លៃៗដែរ តែដោយសារលោកជាអ្នកក្រដូច្នេះលោកត្រូវសន្សំប្រាក់ដែលបានមកពីការងារសិល្បៈដើម្បីយកមកធ្វើផ្ទះដោយសារផ្ទះរបស់លោកត្រូវធ្វើឡើងវិញទាំងអស់ ។ ក្រៅពីនេះលោកក៏ត្រូវទទួលបន្ទុកមើលម្តាយឈឺ និងថ្លៃចំណាយសម្រាប់ប្អូនស្រីរៀនទៀតផង ។
បន្ថែមពីនេះតារាចម្រៀងដែលមានប្រភពមកពីខេត្តត្បូងឃ្មុំរូបនេះក៏សុំការយោគយល់ដល់អ្នកគាំទ្ររបស់ខ្លួនដែលលោកមិនសម្ភារនិយមតម្រូវទៅតាមការងារ ។ ជាមួយការលើកឡើងរបស់តារាចម្រៀង លឹម តិចម៉េង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តនិងលាន់មាត់សរសើរចំពោះការខិតខំប្រឹងប្រែងក៏ដូចជាការមិនចាយវាយខ្ជះខ្ជាយចំពោះការប្រើប្រាស់សម្ភារៈក្រៅខ្លួនទាំងនេះ ។ ខ្លះទៀតលើកឡើងថាលោកជាតារាជំនាន់ក្រោយដែលគួរឱ្យយកគំរូតាមបើទោះមានឈ្មោះល្បីល្បាញតែនៅតែជ្រើសយកការធ្វើខ្លូនបែបសាមញ្ញនិងរស់នៅប្រកបដោយគុណធម៌ ។ ខ្លះទៀតក៏បានលើកទឹកចិត្តថាលោករស់នៅជាខ្លួនឯងបែបនេះជារឿងត្រឹមត្រូវហើយ៕