ក្រោយពីចូលសម្រាកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យលោកសង្ឈប្រមាណជាកន្លះខែពេលនេះស្ថានភាពកូនប្រុសទីពីររបស់ នាយក្រឹម រាងធូរស្រាលជាងមុនបន្តិចដោយលោកអាចកម្រើកដៃខ្លះៗនឹងបានចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយដែរ ។ ក្នុងនោះក៏មានអ្នកគាំទ្រតារាកំប្លែងចាស់វស្សារូបនេះឆ្ងល់ថាហេតុអ្វី នាយក្រឹម មិនបង្ហោះពីកូនប្រុសឈឹ បែរជាឃើញ ស្រីលាភ ជាអ្នកបង្ហោះទៅវិញ ។
បើទោះបីជាមានវ័យជ្រេបន្តិចក្តី តែ នាយក្រឹម នៅតែមានទីផ្សារការងារសិល្បៈនិងទទួលបានការគាំទ្រពីសំណាក់មហាជនចំពោះអាជីពកំប្លែងរបស់លោក ។ តួយ៉ាងកន្លងមកលោកនៅតែលេចមុខនៅក្នុងការសម្តែង MV ជាបន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់រដូវវស្សានេះទាំងរូបលោកក៏ដូចជាសិល្បករ សិល្បការិនីដទៃមិនសូវមានសកម្មភាពថ្មីៗនោះឡើយ ។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ នាយក្រឹម ក៏កំពុងជួបទុក្ខដោយកូនប្រុសទីពីររបស់លោកដែលមានវ័យទើប ៣៥ឆ្នាំ ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យដោយសារមានមានជំងឺឡើងឈាមដល់ទៅ ២៥បុកដល់ខួរក្បាលដែលពេលនេះបានដឹងខ្លួននឹងបានកម្រើកដៃជើងបានខ្លះៗ ។ បើទោះស្ថានភាពមិនទាន់ប្រសើរ តែតាមការលើកឡើងរបស់ នាយក្រឹម នៅក្នុងការផ្តល់បទសម្ភាសមួយបានឱ្យដឹងថាកូនប្រុសរបស់លោកអាចនឹងមានសង្ឃឹមវិលមធម្មតាដោយសារមានអាយុតិច។មានការជូនពរពីសំណាក់មហាជនជាច្រើនសុំឱ្យកូនប្រុសរបស់លោកឆាប់មានសុខភាពល្អនិងជាសះស្បើយនៅក្នុងពេលឆាប់ៗ។
បើតាមការរៀបរាប់របស់ នាយក្រឹម បានឱ្យដឹងថាតាមពិតកូនប្រុសរបស់លោកមិនមែនទើបចូលសង្រ្គោះបន្ទាន់ឡើយពោលគឺបានសម្រាកប្រមាណជាកន្លះខែហើយ តែលោកមិនចង់បង្ហាញ ព្រោះមិនចង់ឱ្យមហាជននិយាយថាឃើញតែសប្បាយៗដល់ពេលកូនឈឺតាំងបង្ហាញតាមហ្វេសប៊ុក ។ ប៉ុន្តែ ស្រីលាភ បាននិយាយថាគួរតែបង្ហាញឱ្យ ហ្វេន ហ្វេនបានដឹងនឹងជួយជួនពរទើបលោកយល់ព្រមឱ្យភរិយាបង្ហាញតាមហ្វេសប៊ុកតែម្តង ។ ទោះបីជាយ៉ាងនេះក្តី នាយ ក្រឹម បានប្រាប់ថាលោកក៏មានគំនិតថាប្រសិនបើមាននិស្ស័យកូនមានវាសនារស់នៅលើផែនដីនេះលោកនឹងចែករំលែកពីការចូលសង្រ្គោះបន្ទាន់រហូតដល់ជាសះស្បើយដល់អ្នកគាំទ្រ តែបើមិនមានវាសនាទេក៏ទៅតាមហ្នឹងចុះ ។ គួរបញ្ជាក់ថាកូនប្រុសរបស់ នាយក្រឹម មានឈ្មោះថា អ៊ូ ប៉ុនមុន្នីទិទ្យា មានមុខងារជានាយទាហាន នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន NPMEC (UN)៕