ក្រោយបទដំបូងនៅក្នុងទ្រនំថ្មីទទួលបានទាំងការគាំទ្រនិងការមិនគាំទ្រនោះបានធ្វើឱ្យតារាចម្រៀង រ៉េត ស៊ូហ្សាណា ទទួលស្គាល់ថាជារឿងដែលពិបាកនិងស្មុគស្មាញផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះតារាចម្រៀងសម្រស់ផូរផង់រូបនេះទម្លាយគម្រោងថ្មីរបស់ខ្លួនជាលើកដំបូងជាមួយបុគ្គលគំរូម្នាក់ដែលនាងគោរពស្រឡាញ់ដែលធ្វើឱ្យអ្នកគាំទ្រចង់ដឹងថាតើដៃគូនៅក្នុងផលិតកម្មបារមីរបស់ រ៉េត ស៊ូហ្សាណា ជាតារារូបណា ?
បើគិតមកដល់ពេលនេះរយៈពេលជាងមួយខែហើយដែលតារាចម្រៀងរូបស្រស់ រ៉េត ស៊ូហ្សាណា បានបង្ហាញវត្តមានថ្មីនៅក្នុងផលិតកម្មបារមី ។ ក្នុងនោះនាងក៏បានបង្ហាញនូវទេពកោលល្យថ្មីមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន ដោយតារារូបនេះបានបង្ហាញនូវការនិពន្ធបទចម្រៀងដោយខ្លួនឯង ។
រ៉េត ស៊ូហ្សាណា ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ដែលមានដូចជា បទ « Lost~ « Better Off »ជាដើម។ ថ្មីនេះទៀតសោត រ៉េត ស៊ូហ្សាណា ក៏បានទម្លាយគម្រោងថ្មីដែលត្រៀមនឹងបង្ហាញជាមួយតារាគំរូ រួមគ្នាជាលើកដំបូងនៅក្នុងផលិតកម្មរាម ដែលបុគ្គលរូបនោះជាបុគ្គលដែលនាងគោរពនិងស្រឡាញ់ជាខ្លាំងហើយជាបុគ្គលម្នាក់ដែលបានជួយជ្រោមជ្រែងនាងឱ្យរួចផុតពីការលំបាក។គេមិនទាន់ដឹងថាតើ រ៉េត ស៊ូហ្សាណា នឹងចាប់ដៃគូជាមួយតារាចម្រៀងរូបណានោះឡើយ ខណៈតារាក្នុងទ្រនំ បារមី មានដូចជាកញ្ញា ឡូរ៉ា ម៉ម តារារ៉េប វណ្ណដា វណ្ណថាន នរិទ្ធ និងយូហៃ។
រ៉េត ស៊ូហ្សាណា បានរៀបរាប់នូវរឿងរ៉ាវមួយចំនួនក្រោយនាងបានក្លាយជាសមាជិកថ្មីនៅក្នុងទ្រនំជាមួយតារារ៉េប វណ្ណដា ថា«អស់រយៈពេលមួយខែហើយបន្ទាប់ពីការចេញចម្រៀងរបស់ខ្ញុំ ហើយវាគឺជាដំណើរមួយដ៏ស្មុគស្មាញ។ និយាយដោយស្មោះត្រង់ ខ្ញុំគិតថា រឿងនេះវាពិតជាពិបាក នៅពេលដែលយើងចេញចម្រៀងដែលយើងស្រលាញ់ចេញពីចិត្តហើយ មានការពេញចិត្ត នឹងមិនពេញចិត្ត។ ទោះជាយ៉ាងណាក្ដី ខ្ញុំនៅតែអរគុណចំពោះគ្រប់គ្នាដែលបានបន្តគាំទ្រ និង ផ្ញើរសារលើកទឹកចិត្តកន្លងមក។ អ្នកទាំងអស់គ្នាបានជួយឱ្យនាងខ្ញុំមានកម្លាំងចិត្ត និងក្ដីសង្ឃឹមដើម្បីបន្តដំណើរទៅមុខ។ពេលខ្លះនៅពេលដែលយើងងើបមិនរួចតន្ត្រីគឺជាកម្លាំងដែលហៅយើងមកវិញ។
ទោះជាពេលនេះគ្រប់យ៉ាងមិនល្អឥតខ្ចោះ តែខ្ញុំនឹងនៅតែបន្តព្យាយាម ដើម្បីខ្លួនឯងនឹងអ្នកទាំងអស់គ្នា…នៅពេលនេះខ្ញុំក៏មានដំណឹងពិសេសមួយគឺខ្ញុំនឹងមាន project ដ៏ធំ ដែលនឹងចេញឆាប់ៗនេះហើយ project នេះ ពិតជាមាន អត្ថន័យជ្រាលជ្រៅខ្លាំងណាស់សម្រាប់ខ្ញុំ។ នេះគឺជា project feature ដំបូងបង្អស់របស់ខ្ញុំនៅបារមី ជាមួយនឹង បុគ្គលគំរូម្នាក់ដែលខ្ញុំគោរពស្រលាញ់ជាខ្លាំង ក៏ដូចជាមនុស្សម្នាក់ ដែលបានជួយខ្ញុំឆ្លងកាត់រឿងរ៉ាវដ៏ពិបាកជាច្រើន។បទចម្រៀងនេះ ខ្ញុំសូមផ្ញើរជូនទៅ fan ទាំងអស់គ្នានដែលធ្លាប់មានអារម្មណ៍អស់សង្ឃឹម និង ចង់បោះបង់ចោលក្ដីស្រមៃ Guess who will be my first collaboration in BARAMEY»៕