រហូតមកដល់ពេលនេះអតីតតារាសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញ សឿ សុធារ៉ា ហាក់មិនទាន់ទទួលបានការងារសិល្បៈឬការងារប្រម៉ូតផលិតផលអ្វីឡើយបើទោះគេធ្លាប់ដឹងថាអ្នកនាងជាអតីតតារាស្រីដែលធ្លាប់មានសមត្ថភាព និងទេពកោសល្យក្តី ។ អ្វីដែលគួរឱ្យកត់សម្គា ល់ពេលនេះ សឿ សុធារ៉ា ក៏នៅតែបន្តទម្លាក់កុងធនាគារដើម្បីសុំការជួយជ្រោមជ្រែងពីសំណាក់មហាជនផងដែរ ។
ក្រោយពីរក្សាភាពស្ងប់ស្ងាត់មួយរយៈបន្ទាប់ពីបងស្រីទទួលមរណភាពនោះពេលនេះ សឿ សុធារ៉ា បានបង្ហាញសកម្មភាពនៅលើបណ្តាញសង្គមឡើងវិញ ដោយបានសួរសុខទុក្ខដល់អ្នកគាំទ្ររបស់ខ្លួន និងបានលើកឡើងថាអ្នកនាងមិនសុខសប្បាយទេ ។
មិនតែប៉ុណ្ណោះអតីតតារាល្បីលំដាប់ជួរមុខរូបនេះក៏បានទម្លាក់គណនីយធនាគាររបស់ខ្លួនភ្ជាប់មកជាមួយផងដែរ ។ ជាមួយនឹងការផ្តល់កម្លាំងចិត្តពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក គេក៏បានឃើញមានអ្នកលេងហ្វេសប៊ុក និងអ្នកសិល្បៈមួយចំនួនបានបង្ហាញក្តីអាណិតនឹង បានផ្តល់ជាថវិកាខ្លះៗដល់ សឿ សុធារ៉ា ផងដែរ ។ មិនត្រឹមតែ សឿ សុធារ៉ា ទេដែលធ្លាក់ខ្លួនបែបនេះសូម្បីអតីតស្វាមីលោក សាពូន មីដាដា ក៏បានអះអាងថាខ្លួនក្រសូម្បីដីមួយចម្អាមក៏មិនមានដែរ ។
សឿ សុធារ៉ា ត្រូវបានគេមើលឃើញថាជាសិល្បការិនីមួយរូបដែលមានខ្សែជីវិតអភ័ព្វព្រោះមិនត្រឹមតែបែកបាក់គ្រួសារនិងធ្លាក់ខ្លួនខ្សត់ខ្សោយប៉ុណ្ណោះទេ សូម្បីតឪពុកម្តាយនិងបងស្រីក៏ត្រូវចាកចេញជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។ សព្វថ្ងៃទៀតសោត សឿ សុធារ៉ា ក៏មិនទាន់មានឱកាសទទួលបានការងារថ្មីនៅក្នុងអាជីពសម្តែងដូចមុនឡើយបើទោះកន្លងមកគេធ្លាប់ដឹងថានាងជាតារាស្រីលំដាប់ជួរមុខមួយរូបក៏ដោយ ។ ពេលនេះ សឿ សុធារ៉ា កំពុងរស់នៅជាមួយកូនប្រុសស្រីទាំងពីរនាក់ដែលមិនទាន់ពេញវ័យនៅឡើយ៕