នៅថ្ងៃទី ២៨ និង ទី ២៩នេះសិល្បករសិល្បការិនីប្រមាណជាង ២០០ នាក់នឹងត្រៀមខ្លួន សម្រាប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍មហោស្រពបុរាណខ្មែររឿង« ព្រះបាទជ៍យវរ័្មនទី៧ »។ ប៉ុន្តែយ៉ាងណាគេសង្កេតឃើញសន្ទុះនៃការគាំទ្រពីសំណាក់មហាជនហាក់មិនសូវមាននោះឡើយ ។ ជាហេតុធ្វើឱ្យតារាសម្តែងស្រី និងជាគ្រូក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានលើកជាសំណួរយ៉ាងចាក់ដោតថា«តម្លៃនៃសិល្បៈវប្បធម៌ខ្មែរ មានតម្លៃកម្រិតណា»?
ក្នុងនាមជាតួសម្តែងនៅក្នុងព្រឹត្តិការណ៍មហោស្រពបុរាណខ្មែរតារាស្រី ពេជ្រ ចរណៃ ត្រូវសម្តែងជាតួអង្គមេទ័ពរបស់ព្រះបាទជ័យវរ័ន្មទី៧ ហើយក្រៅពីនោះនាងក៏ជាអ្នកដឹកនាំផ្នែកក្បាច់គុនល្បុក្កតោដែលមានទាំងការរៀបក្រឡានិងការបង្ហាញក្បាច់គុនល្បុក្កតោរួមនឹងសិស្សគុនជាច្រើនរូប ។ មុននឹងត្រៀមខ្លួនសម្តែងនៅក្នុងថ្ងៃទី ២៨ ២៩ នេះ ពេជ្រ ចរណៃ និងសិស្សគុន បានចំណាយពេលហ្វឹកហាត់ប្រមាណជាមួយខែដោយពេលខ្លះមានការភ្លាត់ស្នៀតមុតដាវ គ្រេចក និងគ្រេចជើងជាដើម ។
ប៉ុន្តែអ្វីដែលធ្វើឱ្យនាងបាក់ទឹកចិត្តនោះគឺសន្ទុះនៃការគាំទ្រហាក់មានកម្រិតពោលការលក់សំបុត្រដាច់តិចតួច បើទោះតម្លៃសំបុត្រលក់ត្រឹម ១ ម៉ឺនរៀល ដល់ ១០ ម៉ឺនរៀលក្តី ។ ប៉ុន្តែនាងរំពឹងថាការសម្តែងនៅរសៀលថ្ងៃទី ២៨នេះនឹងទទួលបានការចូលរួមទស្សនាពីសំណាក់មហាជនឱ្យបានច្រើនកុះករដើម្បីជាការផ្តល់កម្លាំងចិត្តដល់សិល្បករសិល្បការិនីក៏ដូចជាលោកគ្រូអ្នកគ្រូដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ នេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ ពេជ្រ ចរណៃ ក៏បានលើកឡើងថា «មតិភាគច្រើនលើកថាមិនបានទៅចូលរួមព្រោះកម្មវិធីធ្វើចំរដូវភ្ជុំ!សុំទោសខ្ញុំមានសំនួរខ្លះៗទៅបងប្អូនដែលលើកបញ្ហាឡើងមក
1/ ការសម្ដែងនៅថ្ងៃ 28/29 តែភ្ជុំធំនៅថ្ងៃ 1/2/3 ។
2/ តើពួកខ្ញុំជាសិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារទាំងអស់ ជាង 200នាក់ មិនមានស្រុកកំណើតដែរត្រូវទៅទេមែនទេ?ត្រង់នេះ សរបញ្ជាក់អោយឃើញថា តម្លៃនៃសិល្បៈវប្បធម៌ខ្មែរ មានតម្លៃនៅកំម្រិតណា»។ បន្ថែមពីការលើកឡើងបែបនេះ ពេជ្រ ចរណៃ បាននិយាយថាទោះជាខ្លួនជាតារាសម្តែងក្តី តែនាងបានព្យាយាមចូលខ្លួនមកលើកស្ទួយក្នុងវិស័យបុរាណខ្មែរពោលបានចំណាយពេលយុវវ័យរបស់ខ្លួនដើម្បីមកហាត់រៀនក្បាច់គុនល្បុក្កតោហើយរំពឹងថានឹងទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូនខ្មែរ។ ។ ជាចុងក្រោយ ពេជ្រ ចរណៃ បានសង្កត់ធ្ងន់ថា ទៅថ្ងៃក្រោយទោះមិនមានអ្នកគាំទ្រ ក្តី តែនាងនៅតែបន្តលើកតម្កើងសិល្បៈបុរាណដល់ដង្ហើមចុងក្រោយក្នុងនាមជាកូនខ្មែរម្នាក់៕