មានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមជាច្រើនក្រោយបានឃើញតារាកំប្លែង ពាក់មី ដែលមានគំនិតឱ្យចាស់ទុំក្នុងស្រុកកំណើតរាប់រយនាក់ចូលរួមធ្វើនំអន្សមចំនួន ២០២៤នំដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងឆ្នាំនេះ ។ នេះជាលើកដំបូងដែលគេបានឃើញទិដ្ឋភាពបែបនេះត្រូវបានរៀបចំឡើងយ៉ាងរីករាយដែលក្នុងនោះតារាកំប្លែងរូបនេះបាននិយាយថាជាបំណ ងរបស់នាយដែលចង់ឱ្យក្មេងៗជំនាន់ក្រោយបានឃើញ ហើយក៏ជាចំណែកមួយក្នុងការចូលរួម ថែរក្សានូវវប្បធម៌ដូនតាខ្មែរតាំងពីដើមរៀងមក ។
សម្រាប់ថ្ងៃទី ៣០ នេះដែរតារាកំប្លែង នាយពាក់មី ក៏ដូចជាក្រុមគ្រួសារដែលមានដូចជា នាយគ្រឿន និងនាយ ក្រាន់ បានបង្កើតព្រឹត្តិការណ៍ដ៏រីករាយនិងគួរឱ្យចាប់អារម្មណ៍ដែលមានការអញ្ជើញចាស់ទុំនៅក្នុងភូមិស្រុកដែលស្ថិតនៅក្នុងខេត្តស្វាយរៀងឱ្យចូលរួមនៅក្នុងកម្មវិធីវេចនំអន្សមចំនួន ២០២៤នំ នៅផ្ទះរបស់ឪពុក នាយពាក់មី ផ្ទាល់ដែលស្ថិតនៅក្នុងខេត្តស្វាយរៀង ។ បើតាមការលើកឡើងរបស់ នាយពាក់មី បានឱ្យដឹងថាចាស់ទុំដែលបានចូលរួមវេចនំអន្សមមានចំនួន ៥០០នាក់ឯណោះហើយនៅពេលឆ្អិនពួកគាត់អាចយកទៅផ្ទះផងដែរ ។
កម្មវិធីនេះរៀបចំដោយនាយផ្ទាល់តែម្តង ហើយមូលហេតុដែល នាយធ្វើបែបនេះដើម្បីបង្កើតបរិយាកាសឱ្យបានសប្បាយរីករាយនៅក្នុងភូមិ ជាពិសេសដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានដឹងពីវប្បធម៌ដូនតាខ្មែរក្នុងការវេចនំអន្សមនៅរដូវភ្ជុំបិណ្ឌ ។ ណាមួយក្មេងៗសម័យនេះមិនមានអ្នកចេះវេចនំអន្សមនោះឡើយ ។
ការបង្កើតនូវទិដ្ឋភាពវេចនំអន្សមចំនួន ២០២៤ ដ៏រីករាយ របស់ តារាកំប្លែង នាយពាក់មី ក៏មានការចូលរួមពីសំណាក់លោកអភិបាលខេត្តស្វាយរៀងឯកឧត្តម ប៉េង ពោធិ៍សា ទៀតផង ។ តាមរយៈវីដេអូចែករំលែកក៏ដូចជារូបភាពរបស់ នាយពាក់មី នៅក្នុងទិដ្ឋភាពមួយនេះមើលទៅពិតជាមានភាពរីករាយ និងអ៊ូអរជាខ្លាំង ។
ក្នុងនោះគេសង្កេតឃើញអ្នកលេងហ្វេសប៊ុកជាច្រើនបានលាន់មាត់សរសើរដល់គំនិតរបស់តារាកំប្លែង នាយពាក់មី ដែលចេះរកនឹកឃើញបង្កើតនូវកម្មវិធីមួយនេះដែលមិនត្រឹមតែបង្កើតបរិយាកាសធ្វើឱ្យចាស់ទុំក្នុងភូមិមានភាពរីករាយប៉ុណ្ណោះទេថែមទាំងបង្កើតអនុស្សាវរីយ៍ចងចាំល្អដល់អ្នកខេត្តរបស់នាយ ។ មិនតែប៉ុណ្ណោះក៏ជារឿងល្អមួយនៅក្នុងសង្គមក៏ដូចជាការចូលរួមជួយថែរក្សានូវវប្បធម៌ប្រពៃណីខ្មែរផងដែរ។ ខ្លះទៀតបានលើកឡើងថាគ្រាន់តែឃើញរូបភាពក៏រីករាយជំនួសទៅហើយ ៕