មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយពីបានឃើញអតីតតារាចម្រៀង សាពូន មីដាដា បានលើកដៃសំពះសុំការអាណិតពីអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំដីដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែននៅក្នុងតំបន់ CLV ដើម្បីធ្វើទៅរស់នៅទីនោះនិងប្រកបរបរកសិកម្មទៅតាមលទ្ធភាពរបស់លោក។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាបានដឹងហើយថាពេលនេះអតីតតារាចម្រៀង សាពូន មីដាដា ដែលធ្លាប់ប្រើជីវិតហាយសូរនោះបានធ្លាក់ខ្លួនដល់ចំណុចសូន្យនឹងបានបែកបាក់គ្រួសារថែមទៀត ។
អ្វីដែលកត់សម្គាល់បើទោះធ្លាប់ចេញមុខបញ្ជាក់ថាបានទទួលនូវទឹកប្រាក់ រួមនឹងវត្ថុមានតម្លៃមួយចំនួនពីសំណាក់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្តី តែពេលនេះ សាពូន មីដាដា បានចេញមុខលើកដៃសំពះជាសាធារណៈនៅតាមបណ្តាញសង្គមជាថ្មី ដើម្បីសុំក្តីអាណិតពីសំណាក់សម្តេច ពុក និងនាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំដី តូចល្មមស្ថិតនៅតាមបណ្តោយព្រំដែននៅក្នុងតំបន់ CLV ដែលមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ២៥ ម៉ែត្រ ដើម្បីលោកទៅរស់នៅទីនោះប្រកបរបរកសិកម្មក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមបណ្តោយព្រំដែនផងដែរ ។
ក្រៅពីការប្រកាសគាំទ្រនិងបំរើស្មោះស្ម័គ្រចំពោះសម្តេចពុក ក៏ដូចជានាយករដ្ឋមន្ត្រីម្ចាស់បទ «ពុកអើយម៉ែអើយ»រូបនេះរំពឹងថាការស្នើសុំដីរបស់លោកនឹងទទួលបានការប្រណីពីសំណាក់រាជរដ្ឋាភិបាលព្រោះលោកមានបំណងចង់ទៅរស់នៅក៏ដូចជាការពារនៅតាមតំបន់ព្រំដែន មិនថាព្រំដែន វៀតណាម ឬ ព្រំដែនឡាវនោះឡើយ ។ ចំពោះការលើកឡើងរបស់លោក សាពូន មីដាដា លើកនេះក៏ទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់អ្នកលេងណ្តាញសង្គមជាច្រើន ៕