កាលពីថ្ងៃទី ២៤ យប់មិញនេះពិធីការិនី ថន លក្ខិណា បានបង្ហាញអារម្មណ៍ក្តុកក្តួលក្រោយដឹងថាតារាប្រុសថៃ Om Akkaphan បានឃ្លាតឆ្ងាយដោយគ្មានថ្ងៃវិលត្រឡប់ដោយសារជំងឺកាចសាហាវមហារីក ។ ក្នុងនោះពិធីការិនីរូបនេះបានទម្លាយពីអត្តចរិកខ្លះៗរបស់លោក Om Akkaphan កាលដែលបានថតរឿងរួមគ្នាកាលពីអំឡុងឆ្នាំ ២០១៤ ។
ជឿជាក់ថាមហាជនខ្មែរដែលជាអ្នកចូលចិត្តទស្សនារឿងភាគថៃប្រាកដជាស្គាល់តារាប្រុសប្រចាំបុស្តិលេខ៧លោក Om Akkaphan ដែលបានលេចមុខនៅក្នុងខ្សែរឿងជាច្រើន ។ ប៉ុន្តែគួរឱ្យស្តាយតារាប្រុសរូបនេះបានទទួលមរណភាពដោយជំងឺមហារីកបន្ទាប់ពីបានពិនិត្យរកឃើញជំងឺមហារីកបេះដូងនៅឆ្នាំ ២០២២ ហើយបានទទួលការព្យាបាលនិងវះកាត់នៅឆ្នាំ ២០២៣ ។ក្រោយស៊ូទ្រាំនិងជំងឺនេះមួយរយៈពេលលោក Om Akkaphan បានទទួលមរណភាពនៅក្នុងវ័យ ៣៩ឆ្នាំ ហើយលោកក៏បានបន្សល់នូវស្នាដៃនៃការសម្តែងរឿងជាច្រើន។
អ្វីដែលកត់សម្គាល់តារាប្រុសរូបនេះក៏ធ្លាប់បានចូលរួមសម្តែងរឿងជាមួយពិធីការិនី ថន លក្ខិណា ផងដែរ ។ បើតាមការរៀបរាប់របស់ ថន លក្ខិណា បានឱ្យដឹងថានាង និងលោក Om Akkaphan ធ្លាប់បានសម្តែងរឿងរួមគ្នានៅក្នុងឆ្នាំ ២០១៤ ។
ក្នុងនាមជាអ្នកសិល្បៈដែលធ្លាប់រួមការងារជាមួយគ្នា ថន លក្ខិណា បានបង្ហោះរូបភាពរួមគ្នាជច្រើនសន្លឹកជាមួយលោក Om Akkaphan ដោយភ្ជាប់ជាមួយនូវការចូលរួមរំលែកទុក្ខនិងទម្លាយពីអត្តចរិករបស់តារាប្រុសរូបនេះខ្លះៗថា «ពិតជាសោកស្តាយចំពោះការបាត់បង់គាត់…ធ្លាប់ថតរឿងជាមួយគាត់កាលឆ្នាំ 2014 គិតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំហើយ គាត់ជាមនុស្សល្អ រួសរាយ រាក់ទាក់ និង ពូកែ សូមដួងវិញ្ញាណក្ខន្ធបងប្រុសទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
គួរឱ្យដឹងដែរថាមុននឹងក្លាយជាពិធីការិនីដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មហង្សមាស ថន លក្ខិណា ក៏ជាអតីតតារាសម្តែងម្នាក់ដែលបានលេចមុខនៅក្នុងការសម្តែងរឿងជាច្រើនដែលមានទាំងរឿងដុំ និងរឿងភាគទូរទស្សន៍។ មួយវិញទៀតនាងក៏មានឱកាសបានសម្តែងរឿងរួមគ្នាជាមួយតារាថៃផងដែរ ៕