សិល្បករ សិល្បការិនីល្បីៗជាច្រើនរូបត្រៀមបង្ហាញខ្លូននៅ Union Square ទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិក នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះនៅក្នុងកម្មវិធី Cambodian Day។ ក្រៅពីការបង្ហាញប្រគំតន្រី្តក៏មានកម្មវិធីជាច្រើនដែលមានដូចជាការបង្ហាញក្បាច់គុនល្បុក្កតោនិងរបាំប្រពៃណីខ្មែរ ជាដើម ។
ពេលនេះតារាចម្រៀងប្រុសស្រីជាច្រើនរូបបានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិកដោយសុវត្ថិភាពដើម្បិរង់ចាំការសម្តែងនៅក្នុងថ្ងៃទី ២៨ នេះ។ ក្នុងនោះគេសង្កេតឃើញមានដូចជាតារាចម្រៀង មាស សុខសោភា ចំរើន សុភ័ក្រ្ត បាន មុន្នីលក្ខណ៍ តារាចម្រៀង ខេមរៈ សិរីមន្ត និងម្ចាស់បទ«កំលោះស្រុកស្រែ» លោក វណ្ណថាន់ ជាដើម ។
បើតាមការលើកឡើងរបស់តារាចម្រៀង មាស សុខសោភា បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងព្រោះជាលើកដំបូងដែលបានបង្ហាញវត្តមានជុំគ្នាជាមួយសិល្បករ សិល្បការិនីទាំងសម័យនិងបុរាណជាច្រើនរូបក្នុងកម្មវិធី«ទិវាកម្ពុជា» ឬ «Cambodian Day» ជូនបងប្អូនមហាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកបានទស្សនាកម្សាន្តហើយក៏ជាឱកាសដែលអ្នកនាងក៏ដូចជាអ្នកសិល្បៈផ្សេងៗមានឱកាសបានពាំនាំនូវតន្រ្តី និងវប្បធម៌របស់ខ្មែរទៅកាន់ឆាកអន្តរជាតិ។ បន្ថែមពីនោះតារាចម្រៀង មាស សុខសោភា ក៏អំពាវនាវសុំឱ្យបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ជាពិសេសរដ្ឋ California មកទស្សនាឱ្យបានច្រើនកុះករ ។
ដោយសារតែការសម្តែងនៅក្នុងកម្មវិធី «ទិវាកម្ពុជា» មានរយៈពេលតែមួយថ្ងៃដូនេះគេសង្កេតឃើញតារាចម្រៀងទាំងនោះបានបណ្តើរដៃគូរបស់ខ្លួនទៅជាមួយយ៉ាងរីករាយដែលមានដូចជា មាស សុខសោភា ចំរើន សុភ័ក្រ្ត និងតារាចម្រៀង ខេមរៈ សិរីមន្តជាដើម៕