អ្នកគាំទ្រជាច្រើនបានបង្ហាញការកើតទុក្ខមិនសុខចិត្តក្រោយខ្លួនមិនអាចទិញសំបុត្រសម្រាប់ចូលរួមទស្សនាការប្រគំតន្រ្តីបែប Solo Concert ដែលមានឈ្មោះថា Rise of The Queen ដែលនឹងប្រព្រឹត្តនៅក្នុងចំថ្ងៃខួបកំណើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ។ តាមរយៈការបញ្ជាក់របស់ផលិតកម្មហង្សមាសបានឱ្យដឹងថា សំបុត្រគ្រប់ប្រភេទទាំងអស់ត្រូវបានលក់ដាច់គ្មានសល់ក្នុងរយៈពេលមិនដល់មួយម៉ោង ។
ទោះមានស្វាមីនិងកូនដល់ទៅពីរនាក់នឹងបានខកខានក្នុងការឡើងច្រៀងអស់មួយរយៈពេលក្តី តែប្រជាប្រិយភាពរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែខ្លាំងមិនទាន់មានតារារូបណាអាចប្រជែងជាមួយអ្នកនាងបាននៅឡើយទេ ។ ជាក់ស្តែងតាមរយៈការប្រគំតន្រ្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលគ្រោងនឹងរៀបចំនៅក្នុងថ្ងៃខួបកំណើតរបស់អ្នកនាងនៅថ្ងៃទី ១៤ កញ្ញា ២០២៤ នៅសាលមហោស្រពកោះពេជ្រត្រូវបានអ្នកគាំទ្រជាច្រើនទិញសំបុត្រអស់គ្មានសល់ក្នុងរយៈពេលមិនដល់មួយម៉ោង។
ការប្រគំតន្ត្រីបែប Solo របស់តារាចម្រៀង ឱក សុគន្ធកញ្ញាមានឈ្មោះថា Rise of The Queen ។ ខណៈសំបុត្រមានការលក់ដាច់ក្នុងរយៈពេលលឿនបែបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា មួយចំនួនសម្តែងការសោកស្តាយដែលទិញសំបុត្រមិនទាន់នឹងលើកឡើងថាតារាលំដាប់ប្រទេសដូច ឱក សុគន្ធកញ្ញា គួររៀបចំការប្រតន្រ្តីនៅទីកន្លែងដែលមានលក្ខណៈធំទូលាយព្រោះមានអ្នកគាំទ្រច្រើនចង់ចូលទស្សនា ។ខ្លះបានបញ្ចេញមតិថាជាការសាកល្បងប្រសិនជោគជ័យការប្រគំតន្រ្តីលើកក្រោយអាចលេងឈុតធំជាងនេះ។
បើតាមការលើកឡើងពីសំណាក់ប្រភពដែលស្និទ្ធជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា បានឱ្យដឹងថាសព្វថ្ងៃអ្នកម៉ាក់កូនពីររូបនេះប្រឹងប្រែងហ្វឹកហាត់និងសម្រិតសម្រាំងជាខ្លាំងមិនថាទឹកដមសំឡេង ក្បាច់រាំ និងការរៀបចំតុបតែងខ្លួននោះឡើយ ។ ហ្វេន ហ្វេនជាច្រើនរំពឹងថា Rise of The Queen របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ពិតជាកក្រើកខ្លាំងក្រោយអ្នកនាងខកខានបង្ហាញសមត្ថភាពមួយរយៈពេលមក ៕