ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះពិធីករប្រចាំទូរទស្សន៍ហង្សមាស សុខ រ៉ាស៊ី បានប្រមូលសម្លៀកបំពាក់របស់លោកក៏ដូចជាសម្ភារៈមួយចំនួនចែកជូនដល់អ្នកខ្វះខាតដោយមិនមានការគិតប្រាក់នោះទេ ។ សម្លៀកបំពាក់ក៏ដូចជាសម្ភារៈប្រើប្រាស់ទាំងនោះសុទ្ធសឹងជារបស់ថ្មីៗដែលលោក សុខ រ៉ាស៊ី ប្រាប់ថាពេលខ្លះលោកទើបពាក់ឡើងឆាកបានតែម្តងទេ ។
កន្លងមកគេសង្កេតឃើញសិល្បករ សិល្បការិនីភាគច្រើនតែងប្រកាសលក់សម្លៀកបំពាក់មួយទឹករបស់ខ្លួននៅតាមបណ្តាញសង្គមដល់អ្នកគាំទ្រក្នុងតម្លៃសមរម្យ តែសម្រាប់ពិធីករលោក សុខ រ៉ាស៊ី បានប្រកាសចែកជូនដោយមិនគិតប្រាក់នូវសម្លៀកបំពាក់ កាបូប ខ្សែក្រវ៉ាត់ និងកន្សែងជាដើម ។
ពិធីកររូបនេះបានប្រាប់ថាសម្លៀកបំពាក់រួមនឹងសម្ភារៈប្រើប្រាស់ទាំងនោះភាគច្រើននៅថ្មីៗដែលខ្លះលោកពាក់ឡើងឆាកម្តង ហើយខ្លះទៀតក៏ជាសម្លៀកបំពាក់នៅក្នុងហាងរបស់លោក ។ដូចដឹងស្រាប់ហើយថាកន្លងមកលោក សុខ រ៉ាស៊ី ក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់ម្នាក់ដែរ ។
បើតាមការលើកឡើងរបស់លោក សុខ រ៉ាស៊ី បានឱ្យដឹងថាមិនមែនជាលើកដំបូងទេលោកធ្លាប់ធ្វើរឿងនេះច្រើនដងដែរ តែទើបដាច់ចិត្តបង្ហោះហើយលោកសង្កេតឃើញថាបងប្អូនដែលទទួលបានមានការរីករាយជាខ្លាំង។ មិនតែប៉ុណ្ណោះលោក សុខ រ៉ាស៊ី ក៏បានផ្តាំទៅអ្នកចម្រៀងដែលមានជីវភាពខ្វះខាតនៅតាមបណ្តារខេត្តអាចឆាតមករកលោកបាន។
ជាមួយនឹងទឹកចិត្តទូលាយក្នុងការចែករំលែកសម្លៀកបំពាក់រួមនឹងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដោយមិនគិតថ្លៃរបស់ពិធីកររូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការលាន់មាត់សរសើរដល់ទឹកចិត្តសប្បុររបស់លោកគ្រប់គ្នា ។ មានការចូលរួមផ្តល់ជាខមិនអរគុណនិងបានលើកឡើងថា «បានបុណ្យណាស់បង» «ខ្ញុំសុំសរសើរទឹកចិត្តបងណាស់ ខ្ញុំឃើញអ្នកមានមួយចំនួនធំគេមិនអោយកូនចៅនៅជាមួយពាក់ទេគេសុខចិត្តដុតចោលខ្ញុំឃើញហើយក៏ហួសចិត្តដែរអត់យល់ពីចិត្តគាត់» «មើលទៅពួកគាត់សប្បាយអរខ្លាំងណាស់បងប្រុសបានបុណ្យណាស់បង🙏មានតែអ្នកអត់ទេទើបយល់អារម្មណ៏មួយនឹង» «មើលទៅពិតជាស្អាតៗខ្លាំងណាស់សម្លៀកបំពាក់និងរបស់ប្រើប្រាស់«៕