ក្រោយទទួលរងការរិះគន់ពេញបណ្តាញសង្គមរឿងច្រៀងនៅក្នុងសាលាឆាន់វត្តមួយ កាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ ថៃ បានចេញមុខបកស្រាយពីដើមចមដែលបណ្តាលឱ្យខ្លួនច្រៀងនៅក្នុងវត្តបែបនេះ។ ប៉ុន្តែយ៉ាងណា ពេជ្រ ថៃ បានចេញមុខសុំទោសចំពោះកំហុសអចេតនារបស់ខ្លួនហើយសន្យាថានឹងឈប់ច្រៀងនៅទីសាធារណៈចាប់ពីពេលនេះតទៅ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាបានជ្រាបហើយថាកាលពីពេលថ្មីៗនេះ មានការចែករំលែកវីដេអូដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ ថៃ ឈរច្រៀងនៅក្នុងវត្តមួយស្ថិតនៅក្នុងខេត្តប៉ៃលិនដែលមានឈ្មោះថា វត្តបុព្វារាម ដែលមានព្រះសង្ឈ និងចាស់ទុំពេញនៅក្នុងសាលាឆាន់។
ក្នុងនោះក៏មានការរិះគន់ជេរប្រមាថជាច្រើនដល់ ពេជ្រ ថៃ ពីសំណាក់អ្នកលេងហ្វេសប៊ុក តែយ៉ាងណាបើតាមការលើកឡើងរបស់ព្រះសង្ឈជាចៅអធិកា រវត្តបានចេញមុខបកស្រាយនឹងបានលើកឡើងថាជាការសំណូមពររបស់ញាតិញោម និងព្រះសង្ឈមិនមែន ពេជ្រ ថៃ ច្រៀងដោយចិត្តខ្លួនឯងឡើយ ។ មួយវិញទៀតដោយសារខ្សែមេក្រូខ្លីហើយ ពេជ្រ ថៃ មានរូបរាងតូចផងទើបច្រៀងឈរនៅក្នុងសាលាឆាន់តែម្តង ។
ងាកមកតារាចម្រៀង ពេជ្រ ថៃ ឯណេះវិញក៏បានចូលរួមឡាយវីដេអូបកស្រាយនឹងសុំទោសចំពោះរឿងនេះ នឹងលើកឡើងថាជាកំហុសអចេតនាព្រោះខ្លួនមិនមែនច្រៀងដោយចិត្តឯងឡើយជាការសំណូមពរមិនអាចប្រកែកបានពីសំណាក់ពុកម៉ែបងប្អូនដែលមានវត្តមាននៅក្នុងសាលាឆាន់នាពេលនោះ ។ បន្ថែមពីនេះ ពេជ្រ ថៃ បាននិយាយថា ខ្លួនជាមនុស្សដែលរួសរាយ ដូចនេះនៅពេលមានមហាជនសំណូមពរឱ្យច្រៀងកន្លែងណាខ្លួនធ្វើតាមសំណូមពរភ្លាមមិនថានៅវាលស្រែ កន្លែងដើរកម្សាន្ត ឬសាលារៀននោះទេ តែក្រោយកើតរឿងរិះគន់មួយនេះ ពេជ្រ ថៃ ថានឹងចងចាំមួយជីវិតហើយចាប់ពីពេលនេះអ្នកគាំទ្រទាំងអស់នឹងលែងឃើញ ពេជ្រ ថៃ ច្រៀងនៅតាមទីសាធារណៈដូចមុនទៀតហើយ៕