មិនមែនជាលើកដំបូងទេជារឿយៗ ឌីជេ ក្តិប តែងបញ្ចេញសារចែករំលែករឿងមួយចំនួននៅក្នុងសង្គមដែលធ្វើឱ្យអ្នកគាំទ្រពេញចិត្តចំពោះឧត្តមគតិរបស់លោកផងដែរ ។ តួយ៉ាងថ្មីៗនេះហាក់បង្ហាញការឈឺចាប់ជំនួសកសិករខ្មែរក្រោយឃើញទង្វើររបស់ ឈ្មួញទិញស្រូវ និងឈ្មួញទម្លាក់តម្លៃកសិកផលខ្មែរ។ ក្នុងនោះ ឌីជេ ក្តិប បានបង្ហោះសម្តីយ៉ាងចាក់ដោតស្តាប់ហើយពិតជាស៊ីជម្រៅតែម្តង ។
ភាគតិចណាស់អ្នកសិល្បៈដែលមានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវសង្គមជាតិ ក៏ដូចជាបញ្ចេ ញទស្សនៈចំៗនៅក្នុងបណ្តាញសង្គម ។ ប៉ុន្តែចំពោះ ឌីជេ ក្តិប ហាក់មានភាពក្លាហានពោលលោកហ៊ានបោះសម្តីយ៉ាងមុតស្រួចជាច្រើនលើកច្រើនសារ ។
តួយ៉ាងថ្មីៗនេះ ឌីជេ ក្តិប បានរៀបរាប់ថា «ខ្ញុំសូមដាក់ទំនាយដល់ហ្វូងពួកអាឈ្មួញដែលទិញស្រូវនិងឈ្មួញកណ្ដាលដែលទម្លាក់តម្លៃកសិផលខ្មែរសូមឲ្យហ្វូងពួកហែងវិនាស ហិនហោចរលាយរលត់ខាតបង់អស់រាល់ទ្រព្យដែលរកបានពីភាពក្ដៅក្រហាយ»។ការបញ្ចេញសាររបស់ ឌីជេ ក្តិប បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការពេញចិត្តហើយរំពឹងថាពាក្យសម្តីរបស់ឌីជេរូបនេះនឹងស័ក្តិ សិទ្ធនៅក្នុងរដូវភ្ជុំបិណ្ឌនេះ ។
ទោះមិនសូវមានឈ្មោះបោះសំឡេងដូចកាលប៉ុន្មានឆ្នាំមុនក្តី តែគេសង្កេតឃើញ ឌីជេ ក្តិប នៅតែទទួលបានការស្រឡាញ់ពីសំណាក់មហាជន ជាពិសេសរាល់ពេលលោកបញ្ចេញទស្សនៈបែបចាក់ដោតម្តងៗនៅក្នុងបណ្តាញសង្គម ។ ក្នុងនោះក៏មានការលាន់មាត់សរសើរពីឆន្ទះនិងការហ៊ាននិយាយចំៗរបស់ ឌីជេ ក្តិប ជាសាធារណៈថែមទៀត៕