បើទោះបីមានវ័យជ្រេបន្តិចក្តី តែតារាចម្រៀង សួន ចន្ថា នៅតែបន្តប្រឡូកនៅក្នុងវិស័យចម្រៀងបើទោះអ្នកស្រីមិនមានឈ្មោះបោះសំឡេងដូចជាង២០ឆ្នាំមុនក្តី ។ អ្វីដែលគួរឱ្យអាណិតតារាចម្រៀងរូបនេះខំប្រឹងរកប្រាក់ដើម្បីព្យាបាលស្វាមីដែលមានជំងឺស្លាប់មួយចំហៀងខ្លួនអស់រយៈពេល១១ឆ្នាំ។
បើគិតមកដល់ពេលនេះតារាចម្រៀង សួន ចន្ថា ចូលប្រឡូកក្នុងអាជីពចម្រៀងប្រមាណជា ៣០ឆ្នាំមកហើយ។បទដែលធ្វើឱ្យប្រជាប្រិយភាពរបស់អ្នកស្រីលេចធ្លោខ្លាំងបំផុតនោះគឺបទ «កាមទេពស្នេហ៍» ដែលល្បីខ្លាំងនៅក្នុងឆ្នាំ ១៩៩៨ ។រយៈពេល ៣០ឆ្នាំនៅក្នុងវិស័យចម្រៀងអ្នកស្រី សួន ចន្ថា ដែលមានឈ្មោះពិតប្រាកដថា ស៊ិន សុវណ្ណចន្ថា ធ្លាប់ជាតារាចម្រៀងនៅក្នុងផលិតកម្មជាច្រើនដែលរួមមានទាំងផលិតកម្មរស្មីហង្សមាស និងផលិតកម្មតោមាស រៃមាស ផងដែរ ។ សព្វថ្ងៃតារាចម្រៀង សួន ចន្ថា នៅតែបន្តទទួលច្រៀងនៅក្នុងក្លឹប និងកម្មវិធីមង្គលការនានា តែសម្រាប់ការចេញទៅច្រៀងនៅក្រៅប្រទេសអ្នកស្រីមិនអាចទទួលបានទេ ដោយសារត្រូវមើលថែស្វាមីដែលមានជំងឺពិការមួយចំហៀងខ្លួន ។
បើការរៀបរាប់របស់ម្ចាស់បទ «កាមទេពស្នេហ៍»រូបនេះជាមួយលោក អ៊ឹម ជីវ៉ា បានឱ្យដឹង សព្វថ្ងៃអ្នកស្រីត្រូវប្រឹងប្រែងក្នុងការច្រៀងព្រោះ ត្រូវរកប្រាក់ផ្តត់ផ្គង់ក្នុងគ្រួសារ ជាពិសេសចំពោះស្វាមីដែលមានជំងឺពិការមួយចំហៀងខ្លួនអស់រយៈពេល ១១ឆ្នាំមកហើយ ។ «ពេលខ្លះពិបាកក៏ត្រូវខំប្រឹងមិនហ៊ានត្អូញហើយក៏មិនមានចិត្តចង់សុំជំនួយពីអ្នកណាឡើយ»។ទាំងនេះជាការលើកឡើងរបស់តារាចម្រៀង សួន ចន្ថា ។ អ្វីដែលគួរឱ្យអាណិតតារាចម្រៀង សួន ចន្ថា បានប្រាប់ថាស្វាមីរបស់អ្នកស្រីត្រូវលេបថ្នាំដែលទិញមកពីប្រទេសជិតខាងក្នុងរយៈពេលបីខែត្រូវចំណាយប្រាក់១៨០០ដុល្លារ ដែលពេលខ្លះទ័លអ្នកស្រីត្រូវសុំបើកប្រាក់ពីថៅកែមុនថែមទៀត។ នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀង សួន ចន្ថា ទម្លាយពីជីវិតឯកជនជាសាធារណៈបែបនេះហើយក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថានៅពីក្រោយការតុបតែងខ្លួនស្រស់ស្អាតរបស់តារាចម្រៀងរូបនេះមានជីវិតលំបាកបែបនេះឡើយ ព្រោះអ្នកស្រីក៏ធ្លាប់ជាតារាចម្រៀងជួរមុខលំដាប់ប្រទេសម្នាក់ដែរ ៕