មានការកោតសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញហាងមួយដែលមានឈ្មោះថា ដក់ចិត្តស្ថិតនៅក្នុងក្រុងស្វាយរៀងបានចែករំលែកនូវអំពើល្អដោយអនុញ្ញាតឱ្យបេក្ខភាពប្រឡងមធ្យមសិក្សាទុតិយភូមិរួមនិងក្រុមគ្រួសារអាចមកយកអាហារដោយមិនគិតថ្លៃ សម្រាប់រយៈពេលប្រឡងចំនួនពីរថ្ងៃ ។ ប្រសិនបើសិស្ស មានជីវភាពខ្សត់ខ្សោយខ្លាំងនឹងមានជូនជាថ្លៃសាំងសម្រាប់ក្នុងការធ្វើដំណើរថែមទៀត ។
ថ្មីៗនេះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា តាំង គឹមឡេង បានបង្ហោះសារដែលមានអត្ថន័យថា «ខ្ញុំបាទម្ចាស់ហាង ដក់ចិត្ត ក្រុងស្វាយរៀងសុំរៀបចំបាយម្ហូបជូនដល់ប្អូនៗប្រឡងថ្នាក់ទី១២ ចំនួន២ថ្ងៃដោយមិនគិតលុយឡើយអាចមកញ៉ាំបានជុំគ្នានៅហាងដក់ចិត្ត បញ្ជាក់ជូនសម្រាប់ប្អូនៗទី១២និងគ្រួសារ»។
បន្ថែមពីនោះម្ចាស់ហាងបានប្រាប់ថាដោយសារពុំដឹងចំនួនអ្នកមកយកប៉ុន្មាននិងជៀសវាងការយឺតពេលខាងហាងនឹងរៀបចំប្រអប់ត្រៀមទុកដែលមានអាហារ ទឹកសុទ្ធ និងភេសជ្ជៈសម្រាប់បេក្ខភាពមកប្រឡងរួមនឹងអាណាព្យាបាលសិស្ស។ សម្រាប់ការផ្គត់ផ្គង់នេះគឺហាង ដក់ចិត្ត ក្រុងស្វាយរៀងរៀបចំទទួលចំនួនពីរគឺនៅថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិថ្ងៃទី ០៨ និង ទី០៩ តែម្តង។ ការរៀបចំទទួលអាហារថ្ងៃត្រង់នេះមិនមានការគិតប្រាក់ឡើយ ។ ទីតាំងហាងនៅខាងលិចជាប់របង ពហុកីឡដ្ឋានកីឡាដ្ឋានខេត្តស្វាយរៀង។
ជាមួយនឹងការលើកឡើងជាសាធារណៈរបស់គណនីយហ្វេសប៊ុកមួយនេះបានធ្វើឱ្យមហាជនជាច្រើនបានស៊ែរចែករំលែកព្រោងព្រាតដោយក្នុងនោះក៏មានការលាន់មាត់សរសើរពីទឹកចិត្តដ៏ទូលាយរបស់មា្ចស់ហាងរូបនេះដែលជាកាយវិការមនុស្សធម៌មួយដែលគួរឱ្យគោរពផងដែរ ។ ក្នុងនោះម្ចាស់ហាងរូបនេះក៏បានលើកឡើងថាជាការចូលរួមចំណែកជួយដល់សង្គមទៅតាមលទ្ធភាពរបស់ខ្លួនហើយក្នុងនោះប្រសិនបើបេក្ខភាពរូបណាដែលមានជីវភាពខ្វះខាតខ្លាំងខាងហាងក៏មានជួយជាសាំងសម្រួលដល់ការធ្វើដំណើរផងដែរ៕