header ads

Sponsor

រឿងMGI មិនទាន់ទាំងស្ងប់កម្តៅផងពេលនេះលោក អ៊ិន សុភិន ក៏បានស្វះស្វែងរកបវរកញ្ញាទៅប្រកួតMGI នៅប្រទេសសៀមក្រោយបវរកញ្ញា ប៊ី សុធារី បានប្រកាសដកខ្លួនពីការប្រកួតមួយនេះ ។ ទង្វើរបស់លោក អ៊ិន សុភិន ត្រូវបានអ្នកលេងបណ្តាញសង្គមក៏ដូចជាបណ្តារអ្នកសិល្បៈជាច្រើនបាននាំគ្នារិះគន់ធ្ងន់ៗពេញហ្វេសប៊ុក។ ប៉ុន្តែយ៉ាងណា តាប៊ុយ បែរជាចេញមុខគាំទ្រការលើឡើងរបស់លោក អ៊ិន សុភិន ដែលធ្វើឱ្យមហាជនភាគច្រើនយល់ថាលោកចង់ល្បីខុសរឿង។
ក្រោយពីលោកស្រី អ៊ឹម សុគន្ធា បានដកខ្លួន លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ទាំងពាក់កណ្តាលទីដោយសារស្ថាប័នមួយនេះមិនគោរពកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ។អ្វីដែលកត់សម្គាល់ខណៈកំពុងចម្រូងចម្រាស់នេះលោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រងMGC បានចេញមុខជួយស្វះស្វែងរកបវរកញ្ញាមួយរូបតំណាងឱ្យប្រទេសកម្ពុជាជំនួស ប៊ី សុធារី ទៅប្រកួតMGIនៅប្រទេសសៀម ។ 

មិនតែប៉ុណ្ណោះលោក អ៊ិន សុភិន ក៏ចង់សុំទិញសិទ្ធ MGC នៅក្នុងឆ្នាំ ២០២៥ពីលោក ណាវ៉ាត់ ទៀតផង ។ ទង្វើរបស់លោក អ៊ិន សុភិន ត្រូវបានអ្នកលេងហ្វេសប៊ុកហួសចិត្តជាខ្លាំង តែយ៉ាងណាលោក អ៊ិន សុភិន បានបកស្រាយថាលោកធ្វើឡើងតាមការស្នើសុំរបស់លោក ណាវ៉ាត់ ដែលជាមិត្តភក្តិនិងធ្លាប់ជាដៃគូរកស៊ីជាមួយគ្នាប៉ុណ្ណោះព្រោះរឿងនេះជារឿងរបស់ស្ថាប័នទាំងពីរមិនមែនជារឿងប្រទេសជាតិឡើយ ។
ខណៈមហាជនជាច្រើនកំពុងរិះគន់ ការលន់តួរបស់លោក អ៊ិន សុភិន ចំពោះលោក ណាវ៉ាត់ ដែលមិនផ្តល់តម្លៃដល់លោកស្រី អ៊ឹម សុគន្ធា និងក្រុមការងារក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធី MGI នោះស្រាប់តែ តាប៊ុយ បែរជាបង្ហោះសារខ្លីគាំទ្រការលើកឡើងរបស់លោក អ៊ិន សុភិន ថា «គាំទ្រទង្វើពូ អ៊ិន សុភិន ដើម្បីកម្ពុជា »។

 សារខ្លីរបស់ តាប៊ុយ កាន់តែធ្វើឱ្យមហាជនមួយចំនួនឡើងកម្តៅ នឹងបានចូលទៅខមិនរិះគន់ដល់ តាប៊ុយ ជាបន្តបន្ទាប់ថា «ប្រូ មានរឿងច្រើនត្រូវ share ឈប់ share រឿងឆ្កួតឡប់ដើម្បីចង់បានចំណាប់អារម្មណ៍ទៀតទៅ វានាំតែខូចកេរ្ត៍ឈ្មោះដែលខំសាងមកទេ» «ហត់ណាស់ចង់ល្បីខុសរបៀប» «ចេញមកភ្លាវមួយទៀតហើយ អត់ចង់ជេរទេយាយមែន តាចេញមកភ្លើៗគេជេរហើយ» «មិចបាន តាប៊ុយ ឯងចេញមកចឹងៗ» «អត់សូវល្បីដូចមុន លូវដាក់មួយគេជេរល្បីវិញ» «ដល់ពេលប្លុកហើយសំណាងល្អតាប៊ុយ» ។ ទោះជាមានការរិះគន់ឌឺដងជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមក្តី តែ តាប៊ុយ នៅរក្សាភាពស្ងប់ស្ងាត់ចំពោះការបង្ហោះរបស់ខ្លួន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post