អ្នកគាំទ្រជាច្រើនបានបង្ហាញការត្រេកអរក្រោយឃើញតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា ត្រៀមបង្ហាញវត្តមានរួមគ្នានៅក្នុងទឹកដីអង្គរខេត្តសៀមរាបនាចុងខែតុលា ជាមួយនឹងការស្លៀកឈុតបុរាណនៅទីនោះផងដែរ ។ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនសង្ស័យថាអ្នកទាំងពីរត្រៀមខ្លួននឹងថត Pre Wedding ដើម្បីចូលរោងការដូចមិត្តភក្តិសិល្បៈដទៃ។
បើគិតមកដល់ពេលនេះតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែងរូបសង្ហា ឆឹម សក្កដា បានភ្ជាប់ពាក្យប្រមាណជាជិតពីរឆ្នាំហើយ តែអ្នកទាំងពីរហាក់មិនរវីរវល់គិតគូររឿងរៀបការនោះទេ។ ស្របមួយរយៈចុងក្រោយគេមិនសូវឃើញអ្នកទាំងពីរបង្ហាញវត្តមានរួមគ្នាធ្វើឱ្យមានការសង្ស័យថាទំនាក់ទំនងពួកគេ កាន់តែឃ្លាតឆ្ងាយ។
ប៉ុន្តែកាលពីថ្ងៃទី ១៤ ម្សិលមិញនេះលោក ឆឹម សក្កដា បានបង្ហាញវីដេអូខ្លីជាមួយតារាចម្រៀង ពេជ្រ សោភា ដោយលើកឡើងថាត្រៀមនឹងបង្ហាញវត្តមានរួមគ្នានៅក្នុងទឹកដីអច្ឆរិយនៅខេត្តសៀមរាបនាចុងខែតុលានេះ ។ ប៉ុន្តែយ៉ាងណាមិនមែនជាការបណ្តើរគ្នាទៅថតរូប Pre Wedding ដើម្បីចូលរោងការនោះទេពោលអ្នកទាំងពីរត្រៀមនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»លើកទីពីររួមជាមួយសិល្បករសិល្បការិនីប្រមាណជាង៥០០នាក់ឯណោះ។ព្រឹត្តិការណ៍នេះនឹងរៀបចំធ្វើឡើងនៅក្នុងថ្ងៃទី ២៩ និង ៣០ ខែតុលាខាងមុខនេះតែម្តង។
បើតាមការលើកឡើងរបស់លោក ឆឹម សក្កដា បានឱ្យដឹងថាលោកនិង ពេជ្រ សោភា និងស្លៀកឈុតបុរាណដើម្បីចូលរួមលើកតម្កើងនិងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ បើតាមគម្រោងសមាគមសិល្បករខ្មែរ នឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីរៀបចំព្រឹត្តិការណ៍ធំនេះនោះក្នុងគោលបំណងអបអរសាទរខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិរបស់ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំនេះនឹងមានការចូលរួមសម្តែងពីសំណាក់សិល្បករ សិល្បការិនីល្បីឈ្មោះទាំងបុរាណនិងសម័យប្រមាណជាង ៥០០នាក់ចូលរួមដើម្បីបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ ផ្សារភ្ជាប់ប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ល្បីៗ។ មិនតែប៉ុណ្ណោះក៏មានការដាក់តាំងបង្ហាញពី ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ និង វត្ថុអនុស្សាវរីយ៍ជាដើម៕