Sponsor

យូរៗបង្ហាញវត្តមាននៅក្នុងកម្មវិធីម្តង តែតារារ៉េបជើងចាស់ ឌីជេ ក្តឹប នៅតែទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជន ។យ៉ាងណាមិញបទចម្រៀងដែលតារារ៉េបរូបនេះបកស្រាយនៅក្នុងកម្មវិធីប្រឡងចម្រៀងមួយមានអ្នកចុចចូលទស្សនាដល់ទៅជាង ៥លានដងឯណោះ។  មិនតែប៉ុណ្ណោះនៅតែមានការសរសើរពីអត្ថន័យនិងបារ៉ូលចម្រៀងរ៉េបសម័យមុនស្តាប់ទៅពិរោះមិនមានពាក្យអសុរោះដូចបច្ចុប្បន្ននោះទេ ។

គួរឱ្យដឹងថាមិនត្រឹមតែជាតារារ៉េបដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ កន្លងមក ឌីជេ ក្តឹប ក៏មានសមត្ថភាពអាចនិពន្ធបទចម្រៀងបានជាច្រើនបទថែមទៀត ។ ប៉ុន្តែចុងក្រោយនេះតារារ៉េបរូបនេះហាក់ឃ្លាតឆ្ងាយពីអាជីពរបស់លោកស្របពេលតារារ៉េបស្រករក្រោយរីកដុះដាលព្រោងព្រាត ។


 ប៉ុន្តែកាលពីយប់ថ្ងៃទី ១៣កន្លងទៅ ឌីជេ ក្តឹប បានលេចមុខក្នុងនាមជាតារាកិត្តិយសនៅក្នុងកម្មវិធីប្រលងចម្រៀង Rapper Fighter នៅទូរទស្សន៍ ភីអិនអិនជាមួយនឹងការបកស្រាយបទចម្រៀងដែលធ្លាប់ផ្ទុះកក្រើកនាពេលកន្លងមក មានចំណងជើងថា «សុរា» ដែល ឃើញថាតារារ៉េបរូបនេះនៅតែមានសមត្ថភាពនិងភាពជឿជាក់ ជាពិសេសទឹកដមសំឡេងរបស់ ឌីជេ ក្តឹប ក៏មិនបានថមថយឡើយ ។អ្វីដែលគួរឱ្យកត់សម្គាល់គិតមត្រឹមថ្ងៃទី ១៥នេះគេសង្កេតឃើញថាបទចម្រៀងដែល ឌីជេ ក្តឹប បកស្រាយនោះមានអ្នកចុចចូលទស្សនារហូតដល់ទៅជាង ៥លានដងឯណោះដែលឃើញថា ឌីជេ ក្តឹប នៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់អ្នកស្តាប់។

ឌីជេ ក្ដឹប ជាតារារ៉េបជើងចាស់មួយរូប ដែលបានបង្ហាញវត្តមានលើកដំបូង នៅក្នុងកម្មវិធីប្រឡងចម្រៀង Rapper Fighter ដែលមានគណកម្មាការជាតារារ៉េបវ័យក្មេងដូចជាលោក កៅ ពន្លឺ  ជា សុជាតិ វុទ្ធា  Ruthko , និង King Chi ។

 មានការចូលរួមបញ្ចេញមតិជាច្រើនទៅលើការបកស្រាយបទ«សុរា» របស់ ឌីជេ ក្តឹប ពីសំណាក់អ្នកលេងហ្វេសប៊ុកជាបន្តបន្ទាប់ ថា        «សរសើរប៉ារូលជំនាន់មុនគ្មានពាក្យអសុរោះឌឺដងគ្នា»  « Rapper ជំនាន់មុន ស្ដាប់ហើយមានន័យRapper ជំនាន់ក្រោយជេរម៉ែគ្នា ជេរគ្នា ប្រមាថគ្នា ជាពិសេសរ៉បញាប់សេញ ស្ដាប់មិនយល់ន័យក៏មាន» «គ្មានឈប់ទេមួយបទនេះសុំសសើរហើយដង្ហើមវេងណាស់បងក្ដឹប Idol» «នៅតែពិរោះរណ្តុំ Respect legendary DJ KDEP» «ចាស់មែន តែអត់បាត់គុណភាពសម្លេងសោះ»។ ងាកមក ឌីជេ ក្តឹប បានបង្ហាញការអរគុណដល់មហាជនដែលនៅតែបន្តគាំទ្រដល់សមត្ថភាពរបស់លោក ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor