អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយពីបានឃើញខ្សែជីវិតរបស់តារាកំប្លែង នាយក្រិន ដែលកំពុងរស់នៅយ៉ាងកម្សត់ឯស្រុកកំណើតនាខេត្តបាត់ដំបងជាមួយកូនប្រុស្រីទាំងបីក្រោយឃ្លាតឆ្ងាយពីអាជីពកំប្លែង ។
សព្វថ្ងៃតារាកំប្លែងដែលធ្លាប់មានប្រជាប្រិយភាពរូបនេះមិនបានប្រកបអាជីពកំប្លែងដូចមុនទេពោលនាយបានទៅរស់នៅឯស្រុកកំណើតជាមួយកូនៗដោយប្រកបរបរចិញ្ចឹមសត្វ ។តាមរយៈវីដេអូជាច្រើនដែលបានបង្ហោះនៅក្នុងគណនីយផ្ទាល់ខ្លួនគេបានឃើញ នាយក្រិន បានធ្វើការងារមួយចំនួនដែលមានដូចជាការឱ្យចំណីសត្វមាន់និងហាន់ដើមចេកឱ្យជ្រូកដាដើម។ ក្នុងនោះគេក៏បានឃើញកូនប្រុសស្រី នាយក្រិន ដែលមានវ័យនៅក្មេងៗនៅឡើយបានជួយធ្វើការដល់ឪពុកដែលឃើញហើយមិនសរសើរមិនបាន ។
វីដេអូខ្លះក៏បានឃើញ នាយក្រិន លេងជាមួយកូនស្រីដោយឱ្យកូនស្រីជិះកង់ឌុបនៅក្នុងទីធ្លាផ្ទះ ដែលអ្នកលេងហ្វេសប៊ុកខ្លះលើកឡើងថាឃើញហើយពិតជាក្តុកក្តួលណាស់ ។ ខ្លះទៀតក៏បានសរសើរដល់ នាយក្រិន បើទោះមានកាយសម្បទាមិនពេញលក្ខណៈដូចមនុស្សធម្មតាក្តី តែនាយជាឪពុកដែលមានទំនួលខុសត្រូវសុខចិត្តរែកពុនចិញ្ចឹមកូនប្រុសស្រីទាំងបីបើទោះខ្លួនមានជីវភាពមិនធូរធារដូចមុនក្តី ។
គួរឱ្យដឹងដែរថាមានរូបរាងមិនពេញលេញក្តី តែ នាយក្រិន ក៏មានមន្តស្នេហ៍មិនធម្មតាដោយនាយធ្លាប់មានភរិយាដល់ទៅពីរនាក់ដែលភរិយាទីមួយបានរៀបការតាមប្រពៃណីខ្មែរ តែក្រោយមកបានចែកផ្លូវគ្នាដោយទទួលបានចំណងដៃកូនប្រុសមួយរូបដែលបច្ចុប្បន្នរស់នៅជាមួយអតីតភរិយា ។
ក្រោយមក នាយក្រិន ក៏បានភ្ជាប់ស្នេហ៍ជាមួយភរិយាទីពីរដោយទទួលបានចំណងដៃកូនប្រុសស្រីបីនាក់ តែក្រោយមកក៏បានបែកបាក់គ្នាទៅវិញដោយ នាយក្រិន ជាអ្នកមើលការខុសត្រូវនិងចិញ្ចឹមកូនៗ ។ នាយក្រិន ដែលធ្លាប់មានឈ្មោះបោះសំលេងនៅក្នុងអាជីពកំប្លែងនិងជាម្ចាស់ហាងផឹកស៊ីម្នាក់ តែក្រោយមកបានរកស៊ីខាតនឹងបានធ្លាក់ខ្លួនជំពាក់បំណុលគេដែលរូមានបំណុលធនាគារនិងបំណុលឯកជន មានចំនួន ៩ម៉ឺនដុល្លារផងដែរ ។ អ្វីដែលគួរឱ្យសរសើរនោះ នាយក្រិន មិនបានលើកដៃសំពះសុំជំនួយពីមហាជនណាម្នាក់ឡើយ៕