សិល្បករសិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយនិងក្តុកក្តួលគ្រប់គ្នាក្រោយបានដឹងដំណឹងថាអ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពលោក កៅ សីហា បានអស់បុណ្យយ៉ាងលឿនដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ។ការចាកចេញរបស់អ្នកដឹកនាំរឿងរូបនេះបានបន្សល់នូវស្នាដៃល្បីៗជាច្រើនមិនថាខ្សែរឿង និងMV នោះទេ។
ម្នាក់ៗបានត្រឹមតែបង្ហោះសារបង្ហាញអារម្មណ៍សោកសៅនិងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធលោកបានដល់ទីស្ងប់សុខ ។
គួរឱ្យដឹងថាមុននឹងក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីនៅក្នុងផលិតកម្មហង្សមាសលោក កៅ សីហា ក៏ធ្លាប់ជាអ្នកសរសេរអត្ថបទនៅក្នុងទស្សនាវដ្តីមួយ។ គិតមកដល់សព្វថ្ងៃលោកបានបន្សល់នូវស្នាដៃដឹកនាំល្បីៗជាច្រើនដែលមានទាំងខ្សែរឿង និង MV ដែលក្នុងនោះមានដូចជារឿង «រាជនីភូមិគ្រឹះ »ម៉ែក្មេកព្រះច័ន្ទ » «បាបប្រពន្ធដើម» និងរឿង«ស្នូកីតម្បាញ» ជាដើម ។
មិនត្រឹមជាអ្នកដឹកនាំដែលមានទេពកោសល្យប៉ុណ្ណោះទេ លោក កៅ សីហា ក៏ជាគ្រូបង្រៀនម្នាក់ដែលបានផ្តល់ចំណេះដឹងដល់ប្អូនៗស្រករក្រោយផងដែរ ។ប៉ុន្តែអ្វីដែលគួរឱ្យតក់ស្លុតនោះលោក កៅ សីហា បានបាត់បង់ជីវិតយ៉ាងលឿនដោយគ្មានពាក្យលាមួយម៉ាត់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងអាយុ ៤២ឆ្នាំ កាលពីថ្ងៃទី ២០ម្សិលមិញនេះក្រោយពីបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។
ការចាកចេញរបស់លោក កៅ សីហា បានបន្សល់នូវការសោកស្តាយ និងការស្រណោះពីសំណាក់អ្នកនៅក្នុងពិភពសិល្បៈជាច្រើនព្រោះម្នាក់ៗមិននឹកស្មានថាលោកទៅយ៉ាងរហ័សទាំងវ័យក្មេងបែបនេះឡើយ ។ តារាប្រុសស្រីជាច្រើនដែលធ្លាប់បានរួមការងារជាមួយអ្នកដឹកនាំរូបនេះបានត្រឹមតែបង្ហោះសារបង្ហាញពីអនុស្សាវរីយ៍ជាមួយគ្នាកន្លងមកដោយភាពអាលោះអាល៏យនឹងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅទីស្ងប់សុខជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ ៕