នៅតែជាតារារ៉េបដែលមានគុណភាព វណ្ណដា បានទម្លាក់បទថ្មីបែបមនោសញ្ចេតនាឈឺចាប់ដែលមានចំណងជើងថា«NOBODY BUT US» ដែលជារសជាតិថ្មីប្លែកស្តាប់ហើយពិតជាចាក់ដោតដល់បេះដូងតែម្តង ។ អ្វីដែលគួរឱ្យកត់សម្គាល់មិនដល់២៤ម៉ោងផងបទរបស់តារារ៉េបដែលមានប្រភពមកពីខេត្តព្រះសីហនុរូបនេះទទួលបានអ្នកចុចចូលទស្សនាដល់ទៅជាង១លានដងឯណោះ។
ត្បិតត្រឹមចេញ Official Lyric Video មែនតែបទ«NOBODY BUT US» របស់ វណ្ណដា ទទួលបានការពេញចិត្តពីសំណាក់ហ្វេន ហ្វេន ជាច្រើនដោយម្នាក់ៗលាន់មាត់ថាពិតជាមានអត្ថន័យចាក់ដោតត្រូវនឹងសាច់រឿងស្នេហារបស់យុវវ័យនាសម័យនេះតែម្តង។
មិនឱ្យស៊ាំត្រចៀកឡើយយូរៗម្តង វណ្ណដា បានទម្លាក់បទបែបមនោសញ្ចេតនាដែលនិយាយពីការឈឺចាប់នៅក្នុងរឿងស្នេហាដែលស្តាប់ហើយពិតជាមានរសជាតិប្លែកដែលអាចឱ្យអ្នកគាំទ្រជាច្រើនយល់ថាតារារ៉េបរូបនេះពិតជាតារាដែលមានគុណភាពដែលអាចផលិតបានគ្រប់ទម្រង់នៃបទចម្រៀងស័ក្តិសមជាកំពូលតារារ៉េបប្រចាំប្រទេសកម្ពុជា។គួរឱ្យដឹងថា វណ្ណដា មិនសូវទម្លាក់បទបែបមនោសញ្ចេតនាស្នេហាបែកបាក់ឡើយ តែនៅពេលចេញម្តងៗធ្វើឱ្យអ្នកគាំទ្រពេញចិត្តដកចិត្តមិនរួចរហូតហ្វេន ហ្វេន លាន់មាត់ថា មួយដឹងមួយក្នុងការធ្វើបទចម្រៀងរបស់តារារ៉េប វណ្ណដា ។
អ្វីដែលគួរឱ្យកត់សម្គាល់មិនដល់ ២៤ ម៉ោងផង បទ «NOBODY BUT US» របស់ វណ្ណដា មានអ្នកចុចពេញចិត្តនិងស៊ែរចែករំលែកជាច្រើនហើយក៏មានការចុចចូលទស្សនាដល់ទៅជាង ១លានដងឯណោះ ។ មិនតែប៉ុណ្ណោះបទនេះបានជាប់លេខចំណាត់ថ្នាក់លេខ ៧ នៅលើ យូធូបដែលជាបទដែលកំពុងនិយមនឹងមានការកើនចំនួនអ្នកស្ដាប់ជាបន្តបន្ទាប់៕