បន្ទាប់ពីបានបញ្ចេញសម្តីធ្វើឱ្យប៉ះពាល់ដល់ពិធីការិនីសម្បូរវោហាស៍ សុភ័ក្រ្ត កុសុម៉ា ដែលត្រៀមនឹងចូលរោងការនៅក្នុងពេលឆាប់ៗនេះពេលនេះ តាប៊ុយ បានចេញមុខសុំទោសអតីតដៃគូពិធីការិនីនៅក្នុងកម្មវិធី «ពេញចិត្តឬអត់»រូបនេះជាសាធារណៈហើយ ។ ក្នុងនោះលោកបានបញ្ជាក់ថាលោកជាមនុស្សចូលចិត្តនិយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀងដូចគេឡើយ។
ក្រោយក្លាយជាBAផលិតផលអ្នកលក់អនឡាញ Love Riya គេសង្កេតឃើញថា តាប៊ុយ ហាក់ទទួលរងការរិះគន់ជាបន្តបន្ទាប់ ។ ថ្មីៗនេះទៀតសោតសម្តីបែបលេងសើចរបស់លោកបានធ្វើឱ្យ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា មានការអាក់អន់ចិត្តជាខ្លាំងព្រោះយល់ថាជាការមើលងាយដល់រូបនាង និងគូដណ្តឹង ។ គួរឱ្យដឹងថា តាប៊ុយ បានស៊ែររូបភាព Pre Wedding របស់ សុភ័ក្រ្ត កុសុម៉ា ព្រមទាំងភ្ជាប់ខ្លឹមសារថា «ការពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់តែខាងកូនក្រមុំថែមលុយការប្តី»។
សារមួយនេះបានធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា ដែលត្រៀមបញ្ចប់ភាពនៅលីវក្នុងពេលឆាប់ៗនេះបានបង្ហាញការអាក់អន់ចិត្តដោយបានតបវិញភ្លាមៗថា «ឯងលេងយូរៗទៅដូចមិនឱ្យតម្លៃខ្ញុំទាំងពីរនាក់សោះសំណេរនេះសរសេរមកគឺអ្នកមិនដឹងគេប្រាកដជាមើលងា យទៅគូដណ្តឹងខ្ញុំហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី»។ ការលើកឡើងរបស់ សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការយល់ស្របហើយយល់ថាសម្តីរបស់ តាប៊ុយ លេងសើចហួសហេតុបន្តិច ។
ដោយឃើញមានការរិះគន់ច្រើន តាប៊ុយ ក៏បានលុបសំណេររបស់ខ្លួនវិញនឹងបានចេញមុខសុំទោសដល់ សុភ័ក្រ្ត កុសុម៉ា ភ្លាមៗដែរ ។ ក្នុងនោះកំលោះសង្ហាកូនកាត់ចិនរូបនេះបាននិយាយថាប្រសិនសម្តីលោកជ្រុលហួសហេតុនឹងមានកំហុសឆ្គងលោកសុំទោសដល់ សុភ័ក្រ្ត កុសុម៉ា ព្រោះលោកជាមនុស្សដែលចូលចិត្តនិយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀងដូចគេទេ ។
បន្ថែមពីនោះ តាប៊ុយ បានបញ្ជាក់ទៀតថា អ្វីដែលលោកនិយាយមិនបានភ្ជាប់ជាមួយការធ្វើទីផ្សារលក់ផលិតផលឡើយ ។ អ្វីដែលកត់សម្គាល់ជុំវិញការចេញមុខបញ្ជាក់របស់ តាប៊ុយ ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនបញ្ចេញមតិស្រដៀងគ្នាឱ្យ តាប៊ុយ ថា«បែងចែកឱ្យដាច់រវាងការនិយាយត្រង់ និងនិយាយមិនចេះគិតមើលងាយគេ» ខ្លះទៀតថា«ត្រង់ពេកត្រង់ឡើយហួសកម្រិត» ជាដើម៕