មានការចាប់អារម្មណ៍ច្រើននៅក្នុងបណ្តាញសង្គមក្រោយបានឃើញលោក អ៊ាម សុខា បានបង្ហាញពីទិដ្ឋភាពនៅក្នុងពិធីបុណ្យសពរបស់ផលិតករល្បីឈ្មោះលោក កៅ សីហា កាលពីយប់ថ្ងៃទី ២១ ដែលមានសភាពស្ងប់ស្ងាត់ពោលមានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះនៅកំដរសព។
លោក អ៊ាម សុខា ដែលត្រូវគេស្គាល់ថាជាងផាត់មុខម្នាក់នឹងជាមនុស្សដែលមានភាពស្និទ្ធ ស្នាលជាមួយលោក កៅ សីហា ដែរនោះបានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពពេលយប់ក្នុងម៉ោងប្រមាណជាង ១១ដែលមានសភាពស្ងប់ស្ងាត់និងមានមនុស្សតិចតួចនៅអង្គុយលេងកំដរសព ថា«វីដេអូនេះថតម៉ោង11.30នាទីយប់ជាអ្នកដឹកនាំរឿងល្បីមួយរូបដែល ធ្លាប់បណ្ដុះបណ្ដាលមនុស្សច្រើនអោយមានមុខមាត់ក្នុងសង្គម តែពេលដែល ស្លាប់ មានមនុស្សតិចបំផុតមកកំដរបង មនុស្សដែរធ្លាប់ដើរលេងសប្បាយជាមួយពេលនៅរស់បាត់ទៅណាអស់ហើយ»។
សម្រាប់វីដេអូរបស់អ្នកផាត់មុខរូបនេះក៏មានការចូលរួមបញ្ចេញយោបល់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយអ្នកខ្លះក៏បានសម្តែងការគាំទ្រ តែខ្លះទៀតបានបង្ហាញការមិនយល់ស្របចំពោះវីដេអូនេះព្រោះយល់ថាជាការប្រកាន់ជ្រុលពេក។
ទោះបីជាយ់ាងនេះក្តី គេសង្កេតឃើញពិធីបុណ្យសពរបស់លោក កៅ សីហា មានការចូលរួម ពីសំណាក់សិល្បករ សិល្បការិនី ជាបន្តបន្ទាប់ សូម្បីលោកជំទាវ ហ៊ុន ស៊ីណាត ក៏មានវត្តមាននៅក្នុងកម្មវិធីបុណ្យសពនេះផងដែរ ។
បើតាមគម្រោងសពរបស់លោក កៅ សីហា នឹងហែរចេញពីផ្ទះដែលស្ថិតនៅក្នុងបុរីសម្បត្តិមានហេងឆ្ពោះទៅកាន់វត្តព្រែកឯង នៅថ្ងៃពុធស្អែកនេះវេលាម៉ោង ១២:០៥នាទី នឹងបូជានៅវេលាម៉ោង ២រសៀល ។ គួររំឮកថា លោក កៅ សីហា បានបាត់បង់ជីវិតនៅក្នុងវ័យ ៤២ឆ្នាំដោយសារជំងឺដាច់សរសៃរឈាមខួរក្បាលកាលពីថ្ងៃទី ២០ កន្លងទៅ ។ ការចាកចេញរបស់លោក កៅ សីហា ជាការបាត់បង់អ្នកដឹកនាំនិងសម្តែងរឿងដែលមានសមត្ថភាពម្នាក់នៅក្នុងវិស័យសិល្បៈ ៕