តារាប្រុសស្រីជាច្រើនដួងបានបង្ហាញវត្តមាននៅក្នុងពិធីបុណ្យសពរបស់ផលិតករ កៅ សីហា មិនថាការជូនដំណើរចុងក្រោយឬបុណ្យគម្រប់៧ថ្ងៃដែលទើបបញ្ចប់ទៅនៅក្នុងព្រឹកថ្ងៃទី ២៦ នេះ ។ អ្វីដែលគូរឱ្យចាប់អារម្មណ៍ក្រៅពីតារាចម្រៀងប្រុសស្រីនៅក្នុងផលិតកម្មហង្សមាសរួមនិងសិល្បករ សិល្បការិនីជាច្រើនដែលធ្លាប់ចូលរួមសម្តែងនៅក្នុងរឿងដែលដឹកនាំដោយលោក កៅ សីហា សុទ្ធតែបានបង្ហាញវត្តមាននៅក្នុងពិធីបុណ្យគម្រប់៧ ថ្ងៃរបស់លោក តែក្នុងនោះក៏មានហ្វេន ហ្វេន មួយចំនួនបានបង្ហាញការងឿងឆ្ងល់ដោយមិនឃើញវត្តមានអតីតតារាចម្រៀង សុខ ស្រីនាង នឹងជាតួឯកនៅក្នុងរឿងភាគ «រាជនីភូមិគ្រឹះ»។
គួរឱ្យដឹងថាក្រៅពីតារាចម្រៀង សុខ ស្រីនាង ក៏បានចូលរួមសម្តែងរឿងភាគនៅក្នុងទូរទស្សន៍ហង្សមាសដែលរឿងភាគដំបូងគឺរឿង «រាជនីភូមិគ្រឹះ»ដែលនាងសម្តែងជាតួស្រីជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ ដែលមានលោក កៅ សីហា ជាផលិតករ ។
រឿងភាគមួយនេះក៏ជារឿងដែលទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ។ អ្វីដែលកត់សម្គាល់ខណៈ ផលិតករ កៅ សីហា ទទួលមរណភាពដោយជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី ២០ កន្លងទៅ ដោយបន្សល់នូវការសោកស្តាយពីសំណាក់សាច់ញាតិ និងមិត្តភក្តិក្នុងសិល្បៈជាច្រើន។ ម្នាក់ៗបានចូលរួមរំលែកទុក្ខ និងបានចូលរួមនៅក្នុងពិធីបុណ្យសពនិងបុណ្យគម្រប់៧ថ្ងៃយ៉ាងកុះករដែលសូម្បីតែអតីតតារាចម្រៀង ឈិត សុវណ្ណបញ្ញា ដែលបានបាត់មុខពីសិល្បៈជាច្រើនឆ្នាំនោះក៏បានចូលរួមនៅក្នុងពិធីបុណ្យសពរបស់លោក កៅ សីហា យ៉ាងសោកសៅផងដែរ ។
បើក្រឡេកមើលអតីតតារាចម្រៀង សុខ ស្រីនាង ដែលធ្លាប់ជាតួឯកស្រីក្រោមការដឹកនាំពីលោក កៅ សីហា នោះគេហាក់មិនបានឃើញវត្តមាននាងឡើយ ។ សូម្បីតែសាររំលែកទុក្ខនៅក្នុងហ្វេសប៊ុក សុខ ស្រីនាង ក៏គេមិនបានឃើញដែរ ។ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនលើកឡើងថា ជារឿងធម្មតាជួនកាល សុខ ស្រីនាង មិនបានមកចូលរួមដោយផ្ទាល់ តែអាច មានអ្នកមកជំនួសនៅក្នុងពិធីបុណ្យលោក កៅ សីហា គ្រាន់តែអ្នកគាំទ្រមិនបានស្គាល់ប៉ុណ្ណោះ ។ និយាយទៅ សុខ ស្រីនាង ជាតារាចម្រៀងដែលមានចរិករួសរាយគួរឱ្យស្រឡាញ់ម្នាក់ដែរ ៕