ដូចអ្វីដែលបានសន្យានាពេលកន្លងមកពេលនេះម្តាយរបស់សព ឡុង លីសុង និង កញ្ចនា បានរៀបចំពិធីមង្គលការឱ្យកូនប្រុសស្រីរបស់ខ្លួនដែលបានចែកឋានទៅរយៈពេលប្រមាណជា ៦ខែដើម្បីឱ្យអ្នកទាំងពីរបានក្លាយជាប្តីប្រពន្ធស្របច្បាប់ ។ ទិដ្ឋភាពនៅក្នុងពិធីមង្គលការដ៏សោកសង្រេងរបស់អ្នកថតរូប ឡុង លីសុង បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនរំជួលចិត្តគ្រប់គ្នា។
សម្រាប់ថ្ងៃទី ២៧ នេះគឺជាពិធីមង្គលការរបស់ ឡុង លីសុង និង កញ្ចនា តែជាអកុសលអ្នកទាំងពីរក៏បានចាកចេញទាំងមិនអស់ចិត្តដោយសារចិត្តឃោរឃៅរបស់ឃាតករ ស្រី ស៊ីណា កាលពីអំឡុងខែមិថុនា កន្លងទៅ ។
អ្វីដែលគួរឱ្យអាណិតអ្នកទាំងពីរនឹងត្រូវចូលរោងការនៅក្នុងថ្ងៃទី ២៧ខែតុលានេះផងដែរ ។ បើទោះកូនប្រុសស្រីបានចាកចេញទៅហើយក្តី តែក្រុមគ្រួសារទាំងសងខាងមិនបានរំសាយការរៀបការរបស់អ្នកទាំងពីរឡើយ ។ តួយ៉ាងនៅក្នុងថ្ងៃទី ២៧ នេះអ្នកស្រី ជា អជ្ជលី ដែលជាម្តាយរបស់ ឡុង លីសុង បានធ្វើពិធីរៀបមង្គលការតាមប្រពៃណីខ្មែរដោយមានការចងដៃអ្នកទាំងពីរដើម្បីឱ្យក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់ ។
ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកនៅក្នុងពិធីមង្គលការដែលមើលឃើញហើយពិតជាទប់ទឹកភ្នែកមិនបាននោះម្តាយរបស់ ឡុង លីសុង បានភ្ជាប់សារខ្លីថា « ថ្ងៃនេះម៉ាក់បានបំពេញបំណងអោយកូនទាំងពីរហើយ ថ្ងៃទី ២៧ ខែ ១០ ២០២៤ ជាថ្ងៃប្រារពពិធីមង្គលការរបស់កូនទាំងពីរ ម៉ាក់សូមជូនពរកូនទាំងពីរជួបតែសំណាងល្អនៅក្នុងជាតិក្រោយៗណាកូនៗ»។រូបភាពរៀបមង្គលការរបស់ ឡុង លីសុង និង កញ្ចនា ដែលធ្វើឡើងនៅចំពោះមុខរូបថតនោះនៅចំពោះមុខឱពុកម្តាយទាំងសងខាង និងចាស់ទុំបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការអាណិតអាសូរជាខ្លាំង។ ម្នាក់ៗបានត្រឹមតែបញ្ចេញមតិឱ្យតុលាការដាក់ទោសទណ្ឌដល់ឃាតករឱ្យបានធ្ងន់ធ្ងរទៅតាវិធានការច្បាប់ដែលបានចែង៕