មានការចាប់អារម្មណ៍និងលាន់មាត់សរសើរពីសំណាក់អ្នកគាំទ្រក្រោយបានឃើញឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងសំឡេងផ្អែមស្រទន់ មាស សុខសោភា ក្នុងកម្មវិធីCambodia day កាលពីពេលថ្មីៗនេះនៅទីក្រុង San Franciscoសហរដ្ឋអាមេរិក ។
មាស សុខសោភា ជាសិល្បការិនីម្នាក់ក្នុងចំណោមតារាស្រីប្រុសជាច្រើនរូបដែលមានឱកាសបានចូលរួមនៅក្នុងកម្មវិធីCambodia day ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់បងប្អូនខ្មែរ នៅទូទាំងពិភពលោក ដើម្បីរួមគ្នា ចែករំលែក និងលើកតម្កើងវប្បធម៌ តន្ត្រី និងម្ហូបខ្មែរដើម្បីឱ្យពិភពលោកបានស្គាល់បន្ថែមទៀត ។
ក្រៅពីបង្ហើរនូវបទចម្រៀងពិរោះៗ តារាចម្រៀង មាស សុខសោភា បាននាំយកនូវឈុតសម្លៀកបំពាក់ និងម៉ូដសក់ដ៏ស្រស់ស្អាតដែលបង្ហាញពីវប្បធម៌របស់ប្រទេសកម្ពុជាដែលកាន់តែធ្វើឱ្យពិភពលោកកោតសរសើរពីវប្បធម៌ដ៏ចំណាស់និងផូរផង់របស់ខ្មែរ ។ មិនតែប៉ុណ្ណោះ មាស សុខសោភា ក៏ដូចជាស្វាមីបានពាក់នូវសម្លៀកបំពាក់ដែលមានភ្ជាប់នូវរូបភាពរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា ផងដែរ ។
បើតាមការលើកឡើងរបស់សិល្បករ សិល្បការិនីដែលមានវត្តមាននៅក្នុងកម្មវិធីមួយនេះសុទ្ធតែបានលើកឡើងថាបានទទួលការគាំទ្រពីពុកម៉ែបងប្អូនដែលរស់នៅសហរដ្អអាមេរិកជាច្រើនកុះករ ដែលកាន់តែធ្វើឱ្យសិល្បករសិល្បការិនីទាំងអស់មានអារម្មណ៍រំភើបនិងមោនកភាពជាខ្លាំង ។
គួរឱ្យដឹងថា Cambodia day បានរៀបចំឡើងកាលពីថ្ងៃទី ២៨ កន្លងទៅ នៅទីក្រុង San Franciscoសហរដ្ឋអាមេរិកដោយមានការចូលរួមពីសំណាក់តារាចម្រៀងប្រុសស្រីជាច្រើនរូបដែលមានដូចជា មាស សុខសោភា បាន មុន្នីលក្ខណ៍ ចំរើន សុភ័ក្រ្ត ខេមរៈ សិរីមន្ត និង វណ្ណថាន ជាដើម ៕