មួយរយៈចុងក្រោយនេះគេសង្កេតឃើញទីផ្សារកំប្លែង នាយទីកូ ហក់ខ្ពស់គួរសម ជាពិសេសការសម្តែងជាតួយាយ កូ និងនាង សាមាន កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ អ្វីដែលឱ្យតារាកំប្លែង នាយទីកូ កាន់តែមានទឹកចិត្តនៅក្នុងអាជីពមួយនេះនោះគឺក្នុងមួយខែៗនាយអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ ដែលនេះមិនរាប់បញ្ចូលនៅក្នុងការចេញច្រៀងនៅតាមកម្មវិធីនានាផង។
ជឿជាក់ថាអ្នកគាំទ្រជាច្រើនប្រាកដជាបានស្គាល់និងបានដឹងពីសមត្ថភាពនៅក្នុងការកំប្លែងរបស់ នាយទីកូ ដែលអ្នកគាំទ្រជាច្រើនតែងហៅនាយថា ជាយាយកូ និង នាង សាមាន ដែលតែងលេចមុខនៅក្នុងសកម្មភាព កំប្លែងរបស់ក្រុម នាយព្រែក និងពូណុយ រួមទាំងក្រុមផ្សេងៗទៀតប្រមាណជាជិត ១០ឯណោះ។ បើតាមការលើកឡើងរបស់តារាកំប្លែងរូបនេះបានឱ្យដឹងថានាយទទួលថតគ្រប់ក្រុមទាំងអស់ព្រោះមិនបានផ្តាច់មុខឱ្យក្រុមណាមួយឡើយ ។
ក្រោយទទួលស្គាល់ថាអាជីពកំប្លែងរបស់ខ្លួនមានការស្ទុះឡើងជាមុន នាយទីកូ បានបង្ហើបថាក្នុងមួយខែៗតាមរយៈការសម្តែងនៅក្នុងផេកនានា នាយអាចរកចំណូលបានប្រមាណជា ពីរពាន់ដុល្លារ ទៅបីពាន់ដុល្លារ នេះមិនទាន់រាប់ការចេញច្រៀងនៅតាមកម្មវិធីនានាឡើយ ។ សព្វថ្ងៃនេះនាយ និងគ្រួសារក៏មានផ្ទះផ្ទាល់ខ្លួនក្រោយពីជួលផ្ទះគេអស់ជាច្រើនឆ្នាំមក ។
ដើម្បីឱ្យអស់មន្ទិលសង្ស័យ នាយទីកូ បាននិយាយថាខ្លួនជាមនុស្សប្រុសធម្មតាពេញលក្ខណៈសព្វថ្ងៃមានប្រពន្ធនិងកូនពីរនាក់។
ទោះការដើរតួជាស្រីធ្វើឱ្យមហាជនមានការយល់ច្រឡំក្តី តែនាយមិនមានបំណងចង់ផ្លាស់ប្តូរការសម្តែងឡើយព្រោះអ្នកសិល្បៈត្រូវសម្តែងឱ្យបានគ្រប់ទម្រង់ទាំងអស់ ហើយសព្វថ្ងៃនាយក៏ទទួលបានការលើកទឹកចិត្តពីសំណាក់ប្រពន្ធ ដោយប្រពន្ធបានបង្រៀនឱ្យនាយចេះផាត់មុខដោយខ្លួនឯងនិងដើរទិញគ្រឿងតុបតែងខ្លួនដែលមានដូចជាសក់និងសម្លៀកបំពាក់ សម្រាប់នាយស្លៀកតុបតែងជាស្រីនៅក្នុងការសម្តែងជាកំប្លែងទៀតផង ។ នាយទីកូ បានលើកឡើងថា ពេលខ្លះសម្លៀកបំពាក់ដែលប្រពន្ធទិញមកមិនទាន់ពាក់ត្រូវនាយយកមកពាក់ថតមុនក៏មាន ៕