នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀង ឈិន ម៉ានិច្ច បណ្តើរមនុស្សប្រុសចូលរួមនៅក្នុងកម្មវិធីយ៉ាងស្និទ្ធស្នាលនិងផ្អែមល្ហែមជាសាធារណៈមិនខុសពីគូស្នេហ៍ឡើយ ។ ម្នាក់ៗបានជូនពរនិងលាន់មាត់សរសើរថាគូស្នេហ៍របស់ ឈិន ម៉ានិច្ច ពិតជាមានរូបរាងស្រស់សង្ហាស័ក្តិសមគ្នាទាំងព្រមតែម្តង ។
ខណៈមិត្តភក្តិក្នុងទ្រនំរួមគ្នាបានរៀបការនិងបង្ហាញមុខដៃគូស្ទើរគ្រប់គ្នាពេលនេះគេក៏បានឃើញតារាចម្រៀង ឈិន ម៉ានិច្ច ក៏បានបង្ហាញមុខដៃគូដល់អ្នកគាំទ្ររបស់ខ្លួន។ តួយ៉ាង ឈិន ម៉ានិច្ច បានបណ្តើរបុរសដែលមានរូបរាងស្រស់សង្ហាម្នាក់ជាសាធារណៈចូលរួមនៅក្នុងពិធីមង្គលការរបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា កាលពីពេលកន្លងទៅ ។
ក្នុងនោះតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះបានភ្ជាប់សំណេរជាមួយរូបភាពកាន់ដៃបុរសរូបនោះនិង សុភ័ក្ត្រ កុសុម៉ា ថា «ជីវិតម្នាក់ៗប្រើបែបណាក៍បានដែរសូមឲ្យតែវាស្ថិតក្នុងសេចក្ដីល្អ Congratulation JJ»អ្នកគាំទ្រជាច្រើនបានចូលខមិន អបអរសាទរដល់ ឈិន ម៉ានិច្ច គ្រប់គ្នាហើយអ្នកខ្លះក៏បានសួរពីអត្តសញ្ញាណបុរសរូបនេះផងដែរ តែយ៉ាងណា ឈិន ម៉ានិច្ច មិនបានប្រាប់ត្រង់ៗនោះទេដោយគ្រាន់តែដាក់រូបស្ទីគ័រ សំពះ និងបេះដូងជំនួសដែលបញ្ជាក់ថា បុរសដែលនាងបណ្តើរនោះគឺជាម្ចាស់បេះដូងប្រាកដមែន ។មានការលាន់មាត់សរសើរថាដៃគូរបស់ ឈិន ម៉ានិច្ច ពិតជាមានរូបរាងសង្ហាមើលទៅស៊ីគ្នាតែម្តង ។
ឈិន ម៉ានិច្ច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវភាពហ៊ឺហាមិនធម្មតាដែរ ពោលប្រឡូកក្នុងសិល្បៈជិត ១០ឆ្នាំនាងបានកែប្រែជីវភាពយ៉ាងធូរធារដោយមានលទ្ធភាពទិញផ្ទះជាច្រើនកន្លែង ប្រើប្រាស់រថយន្តទំនើប និងធ្វើផ្ទះជូនអ្នកមានគុណនៅស្រុកកំណើតអស់រាប់ម៉ឺនុដុល្លារថែមទៀត ។
មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះក៏មានដីចំការនៅខេត្តមណ្ឌលគីរីជាច្រើនហិចតាទៀតផង ។ក្រៅពីតារាចម្រៀង ឈិន ម៉ានិច្ច ក៏ជាថៅកែស្រីហាងសាឡនមួយដែលទើបបើកដំណើការកាលពីមួយរយៈមុន ។ កន្លងមកសូម្បីតែតារាចម្រៀង រៀមច្បង ឱក សុគន្ធកញ្ញា ក៏បានជូនពរនិងសរសើរពីភាពរឹងមាំនិងខិតខំប្រឹងប្រែងតស៊ូរបស់ ឈិន ម៉ានិច្ច ផងដែរ ៕