ធ្មេចបើកៗកូនប្រុសស្រីរបស់តារាចម្រៀង សុន ស្រីពេជ្រ ធំនឹងបានចូលរៀនទៅហើយ តែយ៉ាងណាតារាចម្រៀងរូបនេះហាក់មិនខ្វល់ខ្វាយនៅក្នុងការរកឪពុកថ្មីឱ្យកូនៗរបស់ខ្លួននោះទេ។ ពោលនាងកំពុងរស់នៅក្នុងជីវិតជា Single Mom យ៉ាងមានក្តីសុខជាមួយកូនប្រុសស្រីរបស់ខ្លួន។
បើគិតមកដល់ពេលនេះប្រមាណជាជិតបួនឆ្នាំហើយដែលតារាចម្រៀងសំឡេងផ្អែម សុន ស្រីពេជ្រ បានចែកផ្លូវជាមួយស្វាមីដោយបន្សល់នូវកូនប្រុសស្រីពីរនាក់ដែលស្ថិតនៅក្នុងបន្ទុករបស់នាង។ពេលនេះកូនប្រុសស្រីរបស់នាងក៏បានចូលសិក្សានិងមានមុខមាត់គួរឱ្យស្រឡាញ់ហើយជារឿយៗ សុន ស្រីពេជ្រ តែងចែករំលែករូបភាពកូនប្រុសស្រីរបស់ខ្លួនបង្ហាញដល់អ្នកគាំទ្រផងដែរ ។ ក្រោយប្រេះឆាជាមួយស្វាមី សុន ស្រីពេជ្រ បានដើរតួនាទីជាឪពុកផងនិងជាម្តាយផងក្នុងការមើលថែកូនៗដែលកន្លងមកនាងធ្លាប់ប្រាប់ថាកូនៗគឺជាជីវិតបើទោះហត់នឿយបែបណាក៏នាងមិនខ្លាចដែរ ។
ក្រៅពីមមាញឹកជាមួយនឹងការងារសិល្បៈ សុន ស្រីពេជ្រ ហាក់មិនខ្វល់ខ្វាយនៅក្នុងការរកដៃគូថ្មីទៀតឡើយដែលធ្វើឱ្យមានការនិយាយថា សុន ស្រីពេជ្រ អាចនឹងរាងចាលក្រោយនាងពើបប្រទះស្នេហាមិនសមប្រកបដល់ទៅពីរលើក។
ទោះមិនមានផលិតកម្មសម្រាប់ច្រៀងក្តី តែសព្វថ្ងៃ សុន ស្រីពេជ្រ នៅតែមានហាងឆេងនៅក្នុងការថតបទចម្រៀងថ្មីៗឱ្យក្រសួងមួយចំនួនជាមួយលោក ជិន វឌ្ឍនា និងលោក ប៊ុន សក្តិ ជាដើម ។ ក្រៅពីនេះ សុន ស្រីពេជ្រ ក៏តែងលេចមុខនៅក្នុងការច្រៀងក្នុងពិធីមង្គលការជាបន្តបន្ទាប់មិនថាច្រៀងបុរាណនិងសម័យនោះឡើយ៕