គ្រាន់តែមកដល់ស្រុកខ្មែរភ្លាមម្ចាស់បទ«កុលាបពុលដី» នីរត្តន៍ បានលេចមុខនៅក្នុងឆាកតន្ត្រីនៃស្ថានីយទូរទស្សន៍ភ្លាមដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ។ ព្រោះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានឃ្លាតឆ្ងាយពីស្រុកកំណើតប្រមានជា៧ឆ្នាំក្រោយពីអ្នកនាងបានរៀបការជាមួយស្វាមីជាអ្នករស់នៅប្រទេសអូស្រ្តាលី ។
នីរត្តន៍ ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់និងមានទឹកដមសំនៀងផ្អែមពិរោះម្នាក់នៅក្នុងទ្រនំថោន តែគួរឱ្យស្តាយតារាស្រីរូបនេះបានចាកចេញទៅរស់នៅតាមស្វាមីឯបរទេស ដែលសព្វថ្ងៃនាងក៏ទទួលបានចំណងដៃកូនប្រុសជាទីស្រឡាញ់ម្នាក់ ។ស្ងាត់ៗប៉ុន្មានថ្ងៃនេះម្ចាស់បទ «វ៉ល់ វ៉ល់» រូបនេះបានបង្ហាញមុខនៅឆាកប្រគំតន្រ្តីនៅស្ថានីយទូរទស្សន៍មួយដែលធ្វើឱ្យ ហ្វេន ហ្វេន មានការចាប់អារម្មណ៍ជាខ្លាំង ។ ទោះចាកចេញទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំ តែ នីរត្តន៍ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន ដោយម្នាក់ៗលាន់មាត់សរសើរថាទឹកដមសំឡេងរបស់នាងនៅតែផ្អែមពិរោះហើយរូបរាងទៀតសោតក៏នៅតែស្រស់ស្អាតមិនធាត់ទ្រលុកទ្រលន់ដូចតារាមួយចំនួនដែលរស់នៅបរទេសឡើយ។
បើតាមគម្រោង នីរត្តន៍ មានឱកាសមកលេងស្រុកកំណើតរយៈពេលមួយខែប៉ុណ្ណោះ ។ បើទោះជាមកលេងរយៈពេលខ្លី តែតារាចម្រៀងរូបនេះក៏មិនឱ្យអ្នកគាំទ្រខកចិត្តនោះទេពោលអ្នកនាងត្រៀមនឹងថតបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្ររបស់ខ្លួន ។ គេចាំបានថាបទចម្រៀងល្បីៗរបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះកន្លងមកមានដូចជា «ស៊ីចេកផឹកទឹក» «វ៉ល់ វ៉ល់» «ទឹកភ្នែកនិស្សិត» និង «កុលាបពុលដី»ជាដើម៕