ខណៈមិនទាន់សម្រេចចិត្តចេញទៅរស់នៅតាមស្វាមីឯប្រទេសកាណាដាពេលនេះតារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង កែវ ពេជ្រពិសី បានសម្រេចបោះទុនប្រមាណជា៥ម៉ឺនដុល្លារទៅលើមុខជំនួញលក់ផលិតផលរក្សាសម្រស់ដែលបានបើកសម្ពោធកាលពីប៉ុន្មានថ្ងៃមុននេះដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិជិតដិតមួយចំនួន។
បើទោះសេដ្ឋកិច្ចហាក់មិនទាន់ល្អប្រសើរក្តី តែ កែវ ពេជ្រពិសី មិនខ្លាចនឹងបោះទុនបើកហាងលក់ផលិតផលរក្សាសម្រស់ឡើយ។ ដោយសារមុនសម្រេចចិត្តបោះទុនបើកហាងមួយនេះនាងបានលក់តាមអនឡាញមួយរយៈហើយឃើញថាទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើន ទើបតារាសម្តែងរូបនេះសម្រេចបោះទុនបើកហាងដែលមានទីតាំងជាក់លាក់មួយដើម្បីឱ្យអតិថិជនរបស់ខ្លួនកាន់តែមានទំនុកចិត្ត។
ហាងរបស់ កែវ ពេជ្រពិសី មានឈ្មោះថា Starface Shop Cambodia ដែលមានទីតាំងនៅ បុរីញូវថោន ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យដែលបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ០៧ កន្លងទៅ។បើតាមការលើកឡើងរបស់ កែវ ពេជ្រពិសី បានឱ្យដឹងថាផលិតផលរបស់នាងនាំចូលមកពីប្រទេសកូរ៉េ និងកាណដា ។ សម្រាប់តារាសម្តែង កែវ ពេជ្រពិសី មិនមែនទើបតែបោះទុនបើកមុខជំនួញដំបូងទេកន្លងមកនាងក៏ជាថៅកែស្រីនៃម្ចាស់សម្អាងការមួយ តែពេលនេះនាងក៏សម្រេចចិត្តសេងមុខរបរមួយនេះហើយងាកមកផ្តោតតែលើកការងារលក់ផលិតផលរក្សាសម្រស់វិញម្តង ។
រហូតមកដល់ពេលនេះ កែវ ពេជ្រពិសី នៅតែអះអាងថានៅតែប្រឡូកនៅក្នុងអាជីពសិល្បៈដដែលសំខាន់ឱ្យតែសាច់រឿងនិងតួសម្តែងត្រូវចិត្តគឺនាងទទួលភ្លាមព្រោះនាងក៏ធ្លាប់ជាតារាសម្តែងដែលមានសមត្ថភាពនិងឈ្មោះល្បីលំដាប់ប្រទេសម្នាក់ដែរ ។ ទោះជាភ្ជាប់ពាក្យជា មួយដៃគូជាអ្នករស់នៅកាណាដាជាងបួនឆ្នាំនឹងទទួលបានចំណងដៃកូនប្រុសម្នាក់ដែលមានវ័យជាងបីឆ្នាំក្តី តែ កែវ ពេជ្រពិសី មិនទាន់មានគម្រោងនឹងចាកចេញទៅរស់នៅកាណាដាតាមស្វាមីឡើយព្រោះចង់នៅរកស៊ីនៅស្រុកខ្មែរសិន ។ ណាមួយស្វាមីរបស់នាងក៏តែងចុះឡើងស្រុកខ្មែរជាញឹកញាប់៕