មានការចាប់អារម្មណ៍និងចូលរួមបញ្ចេញមតិពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនក្រោយពីថ្មីៗនេះគេបានឃើញអតីតម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ចោទជាសំណួរជាសាធារណៈក្រោយពីលោកបានពើបប្រទះរឿងអាស្រូវបាត់អស់ប្រជាប្រិយភាពដល់ទៅពីរលើក ។
បើគិតមកដល់ពេលនេះរយៈពេលជាងមួយឆ្នាំហើយ ដែលលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀន តែយ៉ាងណាអតីតម្ចាស់ពានរូបនេះនៅតែមានអ្នកគាំទ្រស្រឡាញ់និងផ្តល់កម្លាំងចិត្តដល់រូបលោកប្រសិនបើលោកកែប្រែខ្លួនជាថ្មីជៀសផុតពីអំពើអបាយមុខដែលសង្គមស្អប់ខ្ពើម ។
អ្វីដែលកត់សម្គាល់ក្រោយស្ងប់ស្ងាត់មួយរយ់ៈថ្មីៗនេះគណនីយលោក ប៊ុត សីហា បានបង្ហោះសារជាបន្តបន្ទាប់ដោយលោកបានបង្ហាញពីការនឹករឮកដល់ពេលវេលាដែលកន្លងនៅក្នុងអាជីពសិល្បៈ ។ ជាមួយគ្នានោះ ប៊ុត សីហា ក៏មិនភ្លេចនឹងចោទជាសំណួរខ្លីថា«តើខ្ញុំគួរធ្វើអ្វីមុនគេបងប្អូនឲក្នុងពេលនេះ»។ សំណួរមួយនេះរបស់អតីតតារាចម្រៀងដែលធ្លាប់មានប្រជាប្រិយភាពរូបនេះក៏ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលរួមបញ្ចេញយោបល់ដោយមានទាំងការលើកជាកម្លាំងចិត្តនិងការលែបខាយដល់អតីតកាលរបស់លោកផងដែរ ។
អ្នកគាំទ្រខ្លះបានផ្តល់ជាយោបល់ថា «ដំបូងគួរតែ coverបទចាស់ៗរួចហើយសឹមចេញបទoriginal ខ្ញុំនៅតែបន្តគាំទ្រដដែល» «ឈប់ជក់ រៀនផ្តាច់ រៀនកាត់បន្ថយ» «ចាប់ផ្ដើមជីវិតជាថ្មី លះបង់រឿងចាស់ៗចោល ឈប់ដើរផ្លូវខុសទៀត ហ្វេនម្នាក់នេះនៅគាំទ្រជានិច្ច« ធ្វើអ្វីក៏បានដែរ ឱ្យតែជារឿងល្អ» «កែមិនឡើងទេ មិនបាច់ធ្វើអីទេ ធ្លាប់ធ្វើអីធ្វើណឹងទៀតទៅ» «ស្ដាយជំនួស តែប្រាឌ័រ ឃើញថាតាំងពីដើមមកអត់ចេះស្ដាយទេ»។ទោះបីជាយ៉ាងនេះក្តី នៅតែមានអ្នកគាំទ្រមួយចំនួនមិនទាន់ជឿជាក់ចំពោះលោក ប៊ុត សីហា នោះទេព្រោះកន្លងមកអតីតម្ចាស់ពានរូបនេះបានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាអ្នកដែលធ្លាប់បានជួយជ្រោមជ្រែងមានការខកបំណងជាច្រើនលើកច្រើនសារ ៕